បាត់ដំបង ៖
ដោយអនុវត្តន៍តាមអនុសាសន៍របស់ឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា
ខេត្តបាត់ដំបង នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក កុសុម សុភីនារ៉ា
នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានដឹកនាំមន្ត្រីទទួលបន្ទុកការងារវិជ្ជាសង្គ្រោះបឋមនៃសាខា
បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្រ្គោះបឋម (First
Aid Training) ជូនដល់មន្រ្ដី
និងបុគ្គលិកនៃព្រះវិហារសេចក្ដីមេត្តាករុណានៃព្រះស៊ូគ្រីស្ទ ខេត្តបាត់ដំបង
ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣៤នាក់ (ស្រី ១៨នាក់) ។
មានមតិសំណេះសំណាលបើកវគ្គបណ្តុះបណ្តាល
មន្រ្តីសាខាបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់សិក្ខាកាមក្នុងវគ្គពីសំណាក់
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា
និងសូមឱ្យសិក្ខាកាមយកចិត្តទុកដាក់រាល់ការធ្វើបទបង្ហាញនីមួយៗ ដែលគ្រូឧន្ទេស
បានបង្ហាត់បង្ហាញ ក៍ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍
និងការអនុវត្តការងារជាក់ស្តែង។
គោលបំណងនៃវគ្គបណ្តុះបណ្តាលមូលដ្ឋានវិជ្ជាសង្រ្គោះបឋម(Basic First Aid) គឺដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រ
២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា
ក្នុងការឈានឆ្ពោះទៅគ្រួសារមួយមានអ្នកយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋមមួយនាក់
ក៏ដូចការយល់ដឹងអំពីការសង្គ្រោះដែលជាចំណេះដឹងមានសារៈប្រយោជន៍អាចជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលានៅពេលមានគ្រោះថ្នាក់ជាយថាហេតុនៅគ្រប់កាលៈទេសៈ
និងគ្រប់ទីកន្លែង។
ក្នុងវគ្គបណ្តុះបណ្តាលនេះ
សិក្ខាកាមទាំងអស់បានសិក្សាយ៉ាងយកចិត្តទុកដាក់ទាំងផ្នែកទ្រឹស្តី
និងការអនុវត្តផ្ទាល់ (Practice) លើមេរៀនសំខាន់ៗរួមមាន ៖ គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម, គោលការណ៍គ្រឹះនៃវិជ្ជាសង្គ្រោះបឋម
និងការវាយតម្លៃស្ថានភាពគ្រោះថ្នាក់, ការសង្គ្រោះជនរងគ្រោះថប់ដង្ហើម
ដោយសារស្លាក់អាហារ ឬវត្ថុផ្សេងៗ, ការឃាត់ឈាម
និងការរុំរបួសឱ្យបានត្រឹមត្រូវដើម្បីបង្ការការឆ្លងរោគ, ការសង្គ្រោះបឋមករណីបាក់ឆ្អឹង
និងការអត់ចលនាសរីរាង្គដែលរងរបួស, ការសង្គ្រោះករណីរលាក គ្រោះថ្នាក់ចរន្តអគ្គិសនី
និងការសន្លប់, វិធីសាស្ត្រដឹកជញ្ជូនជនរងគ្រោះ ប្រកបដោយសុវត្ថិភាពទៅកាន់មន្ទីរពេទ្យ
ឬមណ្ឌលសុខភាព ។
សិក្ខាកាមទាំងអស់បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងក្រុមគ្រូបណ្តុះបណ្តាល ដែលបានពាំនាំនូវចំណេះដឹងដ៏មានតម្លៃនេះមកចែករំលែក ហើយបានប្តេជ្ញាចិត្តថានឹងចំណេះដឹងទាំងនេះទៅប្រើប្រាស់ឱ្យកើតជាប្រយោជន៍ពិតប្រាកដ ក្នុងសង្គម និងការងារមនុស្សធម៌នាពេលនេះ៕
ដោយ ៖ សាលី









