កំពង់ស្ពឺ
៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ
សហការជាមួយស្នងការដ្ឋាននគរបាលខេត្តចំនួន៣(កំពង់ស្ពឺ ព្រះសីហនុ និងកោះកុង)
បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក
រហូតឈានដល់ការបំបែកសំណុំរឿងឃាតកម្មបាញ់ប្រហារលើបុរសជាជនជាតិចិនម្នាក់
ដោយឃាត់ខ្លួនជនដៃដល់និងបក្ខពួកពាក់ព័ន្ធសរុបចំនួន៩នាក់និងដកហូតអាវុធខ្លីម៉ាកK54មួយដើម
ក្រោយរត់គេចបាន៣ថ្ងៃ។
សមត្ថកិច្ចនិយាយថា
កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវលេខ១៤២
ស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ជនរងគ្រោះជាជនជាតិចិនឈ្មោះ HAN
YU MING ភេទប្រុស អាយុ ៣៥ឆ្នាំ(ជាប្រធានផ្នែកគ្រប់គ្រងសម្ភារៈ
និងប្រេងរបស់ក្រុមហ៊ុន)បានជិះម៉ូតូដេញតាមក្រុមជនសង្ស័យដែលបាននិងកំពុងធ្វើសកម្មភាពលួចដឹកប្រេងរបស់ក្រុមហ៊ុន។
លុះដេញតាមទាន់ ជនដៃដល់ក៏បានដកអាវុធខ្លីបាញ់ប្រហារទៅលើជនរងគ្រោះចំដើមទ្រូង
បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបន្តថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់និងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់៖ដោយដំណាក់កាលទី១ នៅក្រោយថ្ងៃកើតហេតុ កម្លាំងជំនាញធ្វើការឃាត់ខ្លួនកម្មករសង្ស័យលួចប្រេង៦នាក់រួមមាន៖ ១- ឈ្មោះ នន ណេង អាយុ ៣១ឆ្នាំ, ២- ឈ្មោះ ភួង សំណាង អាយុ ៥០ឆ្នាំ, ៣- ឈ្មោះ ព្រិច បូរ៉ា អាយុ ២៦ឆ្នាំ, ៤- ឈ្មោះ ឃុយ ធី អាយុ ៥៨ឆ្នាំ, ៥- ឈ្មោះ ណុប សាក់ អាយុ ៣៥ឆ្នាំ, ៦- ឈ្មោះ សួង សុនិត អាយុ ៤៥ឆ្នាំ (ជនជាតិខ្មែរ) ។ ដំណាក់កាលទី២ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចបានពន្លាតដែនប្រតិបត្តិការដល់ខេត្តព្រះសីហនុ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មឿន សុខគា ភេទប្រុស អាយុ ៤២ឆ្នាំ នៅចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា(ជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់) នៅវេលាម៉ោង ១៥ និង១០នាទី ។ ដំណាក់កាលទី៣ សមត្ថកិច្ចពន្លាតដែនប្រតិបត្តិការរហូតដល់ខេត្តកោះកុង ហើយបានចាប់ខ្លួនឈ្មោះ ឆាយ សុផាត ភេទប្រុស អាយុ ៤៦ឆ្នាំ នៅចំណុចវាល៤ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអ្នកទទួលទិញប្រេង និងជាខ្មាន់កាំភ្លើងដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះ និងបក្ខពួកឈ្មោះ ជ័យ សីហា ភេទប្រុស អាយុ ៤២ឆ្នាំ ឃាត់ខ្លួននៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ជាអ្នកទទួលទិញប្រេង និងជាបក្ខពួក) ព្រមទាំងដកហូតបានវត្ថុតាង អាវុធខ្លីម៉ាក K54 ចំនួន ០១ដើម បង់ចំនួន១ និងគ្រាប់ចំនួន ០៥គ្រាប់វេលាម៉ោង ១១ និង ៤០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងនិងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ប៊ុត
សារុន






