ក្រុមហ៊ុនតំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម គ្រោងបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ក្រុមហ៊ុនតំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម គ្រោងបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក

កំពង់ស្ពឺ ៖ ក្រុមហ៊ុនតំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់ធុរជននៃប្រទេសវៀតណាម បានបង្ហាញមហិច្ឆតាបើករោងចក្រតំឡើងគ្រឿងចក្រសំណង់នៅក្នុងខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារសហរដ្ឋអាមេរិក នេះបើតាមសម្តីរបស់លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុន តាធីផាត ខូអិលធីឌី(TA THI PHAT Co.,LTD) ក្នុងជំនួបជាមួយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុន តា ធី ផាត ខូអិលធីឌី(TA THI PHAT Co.,LTD)ប្រចាំកម្ពុជាបាននិយាយថា ធុរៈជនរបស់ប្រទេសវៀតណាមគឺមានរោងចក្រតំឡើងគ្រឿងចក្រសំណង់ដ៏ធំនៅក្នុងទីក្រុងហានូយ ក្រោមទុនវិនិយោគប្រមាណ៧៥០លានដុល្លាសហរដ្ឋអាមេរិក។ក្រោយដំណើរបានជោគជ័យលើជំនួញនេះ ធុរៈជនវៀតណាមមានមហិច្ឆតាពង្រីករោងចក្របន្ថែមដោយជ្រើសយកប្រទេសកម្ពុជា ជាបុត្រសម្ព័ន្ធ ពិសេសគឺខេត្តកំពង់ស្ពឺជាខេត្តគោលដៅ ហើយសម្រាប់រោងចក្របុត្រសម្ព័ន្ធនេះក្រុមហ៊ុនបានគ្រោងទុនវិនិយោគរាប់លានដុល្លារផងដែរ។

លោក ចាន់ ហ៊ុន ក៏បានលើកឡើងផងដែរថា ការជ្រើសយកប្រទេសកម្ពុជា ពិសេសខេត្តកំពង់ស្ពឺជាខេត្តគោលដៅគឺដោយសារតែមើលឃើញកត្តានៃសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដោយមើលឃើញពីសក្តានុពលនៃខេត្តនេះក្នុងការតំឡើងរោងចក្រ។

ក្នុងជំនួបនោះ លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុនប្រចាំកម្ពុជាក៏បានបញ្ជាក់ផងដែរថា គម្រោងរបស់ក្រុមហ៊ុននិងចាប់ដំណើរការនៅដើមឆ្នាំ២០២៧លើផ្ទៃដីប្រមាណជាង២ហិកតាជាជំហ៊ានដំបូង ដោយការដាក់តាំងលក់គ្រឿងចក្រដែលមានស្រាប់តំឡើងនៅប្រទេសវៀតណាម ដោយអតិថិជនអាចរំលោះ ឬជួល ហើយក្រោយមកក្រុមហ៊ុននិងដាក់រោងចក្រដើម្បីតំឡើងគ្រឿងចក្រទាំងនេះនៅក្នុងខេត្តកំពង់ស្ពឺជាជំហ៊ានទី២ ដែលអាចផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ។

អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការត្រេកអរនិងស្វាគមន៍នូវវត្តមានក្រុមហ៊ុន តា ធី ផាត ខូអិលធីឌី(TA THI PHAT Co.,LTD)នៅលើទឹកដីខេត្តកំពង់ស្ពឺ។ក្នុងនាមអាជ្ញាធរ ពិសេសរដ្ឋបាលខេត្តនិងចូលរួមសម្របសម្រួលយ៉ាងពេញទំហឹងដល់ដំណើរការរបស់ក្រុមហ៊ុន ដែលមកផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ ជាងនេះគឺបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។














ដោយ ៖ ប៊ុត សារុន

Post a Comment (0)
Previous Post Next Post