ឈ្មួញលួចនាំចូលម៉ូតូពីថៃពីរគ្រឿងប្លុងទុកក្បែរព្រំដែន ត្រូវពលរដ្ឋប្រទះឃើញរាយការណ៍ប្រគល់ជូនសមត្ថកិច្ចព្រំដែនស្រុកម៉ាឡៃ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឈ្មួញលួចនាំចូលម៉ូតូពីថៃពីរគ្រឿងប្លុងទុកក្បែរព្រំដែន ត្រូវពលរដ្ឋប្រទះឃើញរាយការណ៍ប្រគល់ជូនសមត្ថកិច្ចព្រំដែនស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ ម៉ូតូ scoopy ស៊េរីថ្មី ចំនួន២គ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញប្លុងទុកចោលក្បែរព្រំដែនកម្ពុជាថៃ ស្ថិតនៅក្នុងភូមិបន្សាយអើត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  សង្ស័យជាម៉ូតូដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ខណៈព្រំដែនបានបិទទាំងស្រុង បានរាយការណ៍និងប្រគល់ជូនឲ្យសមត្ថកិច្ចយោធា និងនគរបាលការពារព្រំដែនគោកវរ៨១៥។

 

តាមពលរដ្ឋឈ្មោះ រុណ សុគា ដែលមានទីលំនៅភូមិបន្សាយអើត បានអោយដឹងថា នៅវេលាម៉ោង៥ទៀបភ្លឺ ខណៈធ្វើដំណើរទៅផ្សារស្រាប់តែប្រទះឃើញម៉ូតូ scoopy ចំនួន ២គ្រឿងដែលប្លុងទុកចោលក្បែរផ្លូវលំជិតព្រំដែន ក៏បានរាយការណ៍ជូនសមត្ថកិច្ចយោធាដែលកំពុងដើរល្បាតក៏បានយកម៉ូតូនេះ ទៅប្រគល់ជូននគរបាលការពារព្រំដែនគោក៨១៥។

 

ម៉ូតូទាំងពីរគ្រឿងដែលប្រជាពលរដ្ឋប្រទេះឃើញ និងសង្ស័យជាម៉ូតូនាំចូលពីប្រទេសថៃនេះ នៅថ្ងៃទី៣ ខែមេសា ២០២៦ គឺជាប្រភេទម៉ូតូស៊េរីថ្មីម៉ាកស្គុបពី ពណ៌ខ្មៅនិងពណ៌ក្រហម។

 

ជុំវិញករណីម៉ូតូដែលសង្ស័យលួចនាំចូលពីប្រទេសថៃនេះលោក សួន សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ មេសា ២០២៦ថា  កម្លាំងរបស់លោកបានទទួលម៉ូតូចំនួន ២គ្រឿងពីប្រជាពលរដ្ឋខាងលើ ដោយបានអះអាងថា បានប្រទះឃើញនៅក្បែរព្រំដែន ហើយក៏នាំយកមកប្រគល់ជូនតែម្ដង។​ ចំពោះជនសង្ស័យ ឬក៏ជាម្ចាស់ម៉ូតូ​ ក្នុងករណីម៉ូតូទាំងពីរគ្រឿងនេះ គឺប្រជាពលរដ្ឋគាត់មិនបានឃើញឡើយ។ ក្រោយពីទទួលបានម៉ូតូពីប្រជាពលរដ្ឋនេះ លោកបានឲ្យកម្លាំងរបស់លោក​ ធ្វើកាស្រាវជ្រាវនិងបង្កើនការទប់ស្កាត់ការលួននាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃ និងបានរាយការណ៍ជូនស្នងការ និងបញ្ជូនទៅស្នងការភ្លាមៗផងដែរ។

សូមបញ្ជាក់ផងដែរថា ទោះបីជាព្រំដែន គោកកម្ពុជាថៃត្រូវបានរដ្ឋាភិបាលប្រកាសបិទទាំងស្រុងយ៉ាងណាក៏ដោយ ក៏នៅមានឈ្មួញលួចឃុបឃិតនាំចូលនូវទំនិញគ្រប់ប្រភេទ និងការនាំមនុស្សឆ្លងដែន បើទោះបីត្រូវបានសមត្ថកិច្ចបង្ក្រាបបាននិងត្រូវបានតុលាការផ្ដន្ទាទោសជនជាប់ពាក់ព័ន្ធយ៉ាងណាក៏ដោយ ក៏នៅតែមានបទល្មើសឆ្លងដែនដដែរ ៕



Post a Comment (0)
Previous Post Next Post