បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ
គណៈប្រតិភូវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ទ្រុងគៀន
ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសនៃក្រសួងការបរទេសវៀតណាម
និងឯកឧត្តម ត្រឹន ទួនអាញ់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង
បានអញ្ជើញចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ
និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម
អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត។
ឯកឧត្តម សុខ លូ
បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ច
និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ខណៈការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យជាតិគឺថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។
ប្រតិភូវៀតណាម បានលើកឡើងថា ទំនាក់ទំនងវៀតណាម
និងកម្ពុជាគឺជាទ្រព្យសម្បត្តិដ៏មហិមាសម្រាប់ប្រទេសទាំងពីរ
ហើយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសមានតួនាទីក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសវៀតណាមនិងកម្ពុជា។
ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា
កន្លងមករដ្ឋបាលខេត្តបាត់ដំបងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តមួយចំនួននៃប្រទេសវៀតណាម
ប៉ុន្តែបច្ចុប្បន្នវៀតណាមបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលថ្មី
ដូច្នេះរដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរួចជាស្រេចក្នុងការចងសម្ព័ន្ធមេត្រីភាពឡើងវិញជាមួយភាគីវៀតណាម។
ជាការឆ្លើយតបភាគីវៀតណាមបានឯកភាពនិងជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងជាមួយបណ្ដាខេត្តនៃប្រទេសវៀតណាម
ដែលការចងសម្ព័ន្ធមេត្រីភាពនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
បន្ថែមពីនេះ
ភាគីវៀតណាមបានលើកសរសើរពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងជាពិសេសអង្ករបាត់ដំបង
និងផលិតផលជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ភាគីវៀតណាមបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបងដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អ
និងបង្កលក្ខណៈងាយស្រួលជូនចំពោះជនជាតិវៀតណាម។
ភាគីវៀតណាមបានលើកឡើងពីការយកសំណាកដីនៅខេត្តបាត់ដំបងទៅពិសោធន៍វិភាគគុណភាពនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមដើម្បីពិនិត្យលទ្ធភាពរកមើលដំណាំដែលមានសក្ដានុពលអាចដាំដុះនៅខេត្តបាត់ដំបងដើម្បីជំរុញការវិនិយោគ៕
ដោយ ៖ សាលី





