កំពង់ស្ពឺ ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ
អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមនិងអាជ្ញាធរមូលដ្ឋាន
ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៧៧គ្រួសារនៅក្នុងក្រុងច្បារមនដែលទទួលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់
កាលពីពេលកន្លងទៅ
និងអតីតយុទ្ធជនដែលងាយរងហានិភ័យចំនួន៥០គ្រួសារ។ការជួបសំណេះសំណាលបានធ្វើឡើងនៅថ្ងៃទី២៥
ខែមិថុនា ឆ្នាំ២០២៦ នៅសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នៅក្នុងជំនួបសំណេះសំណាល ឯកឧត្តមបណ្ឌិត
ជាម ច័ន្ទសោភ័ណ បានសម្តែងការសោកស្តាយចំពោះការរងគ្រោះដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ក្រោមការគិតគូពីសុខទុក្ខរបស់បងប្អូនដែលរងគ្រោះដោយបាតុភូតធម្មជាតិនេះ
សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានធ្វើការណែនាំដល់ក្រុមការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺឱ្យដឹកនាំស្បៀងអាហារសង្គ្រោះបន្ទាន់ទៅចែកជូនដល់ប្អូនដើម្បីសម្រាលដល់ការលំបាកចំពោះមុខ។ហើយជាមួយនោះ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ លោកឧបនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ានី ក៏បានផ្ញើការសួរសុខទុក្ខនិងណែនាំដល់អាជ្ញាគ្រប់លំដាប់ថ្នាក់ឱ្យចុះពិនិត្យនិងតាមដានស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនក្រោយរងផលប៉ះពាល់ផងដែរ
និងរួមគ្នាគិត
រួមគ្នាដោះស្រាយធ្វើយ៉ាងណាកុំឱ្យបងប្អូនរងគ្រោះដោយដាច់ស្បៀងបន្ថែមទៀត។
នៅក្នុងឱកាសសំណេះសំណាលនោះដែរ
ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ
ក៏បានបញ្ជាក់ផងដែរថា ការគិតគូទាន់ពេលវេលាចំពោះបងប្អូនដែលរងគ្រោះ
គឺស្តែងបង្ហាញឱ្យឃើញច្បាស់ពីការខ្វល់ខ្វាយរបស់ថ្នាក់ដឹកនាំ
ពិសេសសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែណែនាំដល់ក្រុមការងារសាខា
អនុសាខាតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុកឱ្យចុះជាប់ជាមួយប្រជាពលរដ្ឋ
និងដោះស្រាយបន្ទាន់រាល់ពេលពលរដ្ឋជួបការលំបាក និយាយជារួមទីណាមានទុក្ខលំបាក
ទីនោះគឺត្រូវមានក្រុមការងារកាកបាទក្រហមកម្ពុជា និងទីណាមានការលំបាក
ទីនោះគឺមានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាចុះជួយដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន គ្រាដែលរដូវវស្សាបានឈានចូលមកដល់។ភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់និងអាចកើតមានឡើងជាយថាហេតុ ស្របពេលដែលមានការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដូច្នេះសូមបងប្អូនធ្វើការទំនាក់ទំនងឱ្យបានពេលវេលាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឬសមត្ថកិច្ចពាក់ព័ន្ធដែលនៅជិតបំផុតឱ្យជួយអន្តរាគមន៍ក្នុងករណីជួបឧបទ្ទវហេតុគ្រោះធម្មជាតិ។
ដោយ ៖ ប៊ុត សារុន









