បន្ទាយមានជ័យ
៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ ក្នុងនោះឃុំស្រះរាំង
មានចំនួន៩ភូមិ, ឃុំគោកបល្ល័ង្គ មានចំនួន ៧ភូមិ និងឃុំតាំឡំ មានចំនួន៨ភូមិ
ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក កែវ
តារារស្មី អភិបាលស្រុកមង្គលបូរី បានមានប្រសាសន៍ថា ស្រុកមង្គលបូរី
បានបញ្ចប់ការវាស់វែង និងបញ្ចប់ការវិនិច្ឆ័យរួចមានក្បាលដី សរុបចំនួន ១១០ ៥៣៦
ក្បាលដី និងចេញបណ្ណបានចំនួន ៧៧ ១២៥ ក្បាលដី។ លោកបន្តថា
ចំពោះការបិទផ្សាយទិន្នន័យក្បាលដីនៅ៣ឃុំចុងក្រោយ មាន២៤ភូមិ សរុបចំនួន ១៨២៨០ក្បាលដី
(ដីទំនាស់ ចំនួន៦៧ ក្បាលដី និងដីគ្មានទិន្នន័យ ចំនួន៥៧៣ក្បាលដី)។
លោក មាស
ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានប្រសាសន៍ថា
រាល់ការងារដែលមន្ទីរអាចសម្រេចបានជោគជ័យ
គឺអាស្រ័យមានការចូលរួមការគាំទ្រនិងសហការពីអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់
ស្ថាប័នពាក់ព័ន្ធ ពិសេសមានការដឹកនាំ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសំណាក់
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ និង ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់។
លោកប្រធានមន្ទីរ
បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៧៥២ ២៣៨
ក្បាលដីបានបញ្ចប់ការវាស់វែង១០០% និងបានបញ្ចប់ការវិនិច្ឆ័យចំនួន ០៩ក្រុង-ស្រុក
ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៣៣៩ ១៨៥ ក្បាលដី។
លោកប្រធានមន្ទីរបន្តថា
ក្នុងរយៈពេល១៥ថ្ងៃ ប្រសិនបើបងប្អូនមានកំហុសឆ្គង ដោយប្រការណាមួយដូចជា ខុសឈ្មោះ
ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំដី និង ប្រភេទទ្រព្យ ជាដើមនោះ
ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវ ក្នុងកំឡុងពេល បិទផ្សាយ ១៥ថ្ងៃនេះ
ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់
មិនអាចតវ៉ាបានទៀតឡើយ)។
សូមបញ្ជាក់ថា តាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ ដំណាក់កាល ៖ ១-ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំ ផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ២-ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី, ៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី រយៈពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង, ៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការ វិនិច្ឆ័យ របស់គណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុបនៃការបិទផ្សាយ ជូនអ្នកកាន់កាប់ណាដែលបាន បំពេញគ្រប់លក្ខណៈតាមច្បាប់។ សម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ និងទី៥-ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី ៕











