បាត់ដំបង
៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្ត
និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត
រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី២៥
ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជូនដល់លោកយាយ ទេស ប្រាង្គ អាយុ
៩៩ឆ្នាំ មានជំងឺរ៉ាំរៃ មានជីវភាពក្រីក្រខ្លាំង មានកូនមានជំងឺរ៉ាំរៃ
មានសមាជិកគ្រួសារសរុប ១៥នាក់ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត
មានចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រ ចំនួន៥០គ្រួសារ ក្នុងឃុំតាប៉ុន
ស្រុកសង្កែ ខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះ
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក
និងក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជូនចំពោះម្ចាស់ផ្ទះថ្មី ក៏ដូចជាលោកយាយ លោកតា
និងប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមអបអរសាទរនាពេលនេះពីសំណាក់
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ដែលជានិច្ចកាល សម្តេចតែងតែគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋគ្រប់រូបប្រកបដោយភាពកក់ក្ដៅ
និងស្និទ្ធស្នាលបំផុត ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោល
ស្របតាមទិសស្លោកថា
"កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល"
និង "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។
ជាកិច្ចឆ្លើយតប
លោក ឌុល ស ត្រូវជាកូននិងក្នុងនាមក្រុមគ្រួសារ
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា
ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់
ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះ
ហើយក៏សន្យាថានឹងខិតខំប្រឹងប្រែងបំពេញការងារ និងថែរក្សាផ្ទះថ្មីនេះអោយល្អ
គង់វង្សយូអង្វែង ជាពិសេសមិនធ្វើឱ្យអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។
ជាមួយគ្នានេះដែរ ក្រៅពីប្រគល់ផ្ទះទី២៥នេះ ក៏មានការចែកអំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះបំផុត មានគ្រួសារចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រចំនួន៥០គ្រួសារដែលរស់នៅភូមិផងរបងជាមួយទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកបរិសុទ្ធផងដែរ៕
ដោយ ៖ សាលី










