កំពង់ស្ពឺ ៖
ស្ត្រីចំណាស់ម្នាក់ត្រូវបានស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុក្រោមស្នាដៃចៅប្រុសបង្កើតញៀនថ្នាំកាប់ជាច្រើនកាំបិត។ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅរសៀលថ្ងៃទី៩
ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងភូមិព្រៃជ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីឃាតកម្ម ដោយចេតនាមួយកើតឡើង
(ចៅបង្កើតកាប់សម្លាប់យាយ) បង្កដោយជន
សង្ស័យឈ្មោះជ័យ ហ៊ូណាំ ភេទប្រុសអាយុ ២៧ ឆ្នាំ រស់នៅភូមិ ព្រៃជរ
ឃុំព្រៃញាតិ ស្រុកគងពិសី បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ បុត រឿន
ភេទស្រីអាយុ៧៩ឆ្នាំ ត្រូវចំនួន ០២កាំបិតចំ កនិងកញ្ចឹងកពីខាងក្រោយ
បណ្តាលឱ្យដេកដួលស្លាប់នៅកន្លែងកើតហេតុ ។
លោកបានបន្តទៀតថា ក្រោយពីកម្លាំងជំនាញទទួលបានព័ត៌មានភ្លាមៗ
បានបើកប្រត្តិបិត្តការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ
ជាចៅប្រុសបង្កើតបានភ្លាមៗនាំមកកាន់អធិការដ្ឋាន ដើម្បីសាកសួរអំពីមូលហេតុ។
លោកស្នងការរងរូបនេះបានបញ្ជាក់បន្ថែមថា
ក្រោយពីជំនាញសាកសួរជនសង្ស័យបានសារភាពថា ពិតជាបានកាប់ជនរងគ្រោះពិតមែនមូលហេតុដោយខឹងនិងជនរងគ្រោះ(យាយរបស់ខ្លួន)
កាប់ដូងឱ្យទៅចៅម្នាក់ទៀតមុនខ្លួន មួយវិញទៀត
ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ
កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធីរួចរាល់ហើយ។
ដោយ ៖ មាស សំអូន



