ប៉ោយប៉ែត ៖
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់
ដែលបានផ្វើសកម្មភាពលួចកាច់សោកម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅតុលាការ។
លោកអនុសេនីយ៍ឯក តិល តៃលីវ
មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា
ក្រោយទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ គឹម បញ្ញា ភេទស្រី អាយុ៤៣ឆ្នាំ
រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្ដីពីករណីចោរលួចកាច់សោកម៉ូតូ
កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារ កណ្ដាល
ដោយជនសង្ស័យបានធ្វើសកម្មភាពកាច់សោរកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខៀវ ផលិត ឆ្នាំ២០២៦
ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1AF 3394 ។
លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធGPS ឃើញម៉ូតូខាងលើ
ស្ថិតនៅចំណុចខ្ទមមួយកន្លែង ស្ថិតក្នុងមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី
ក្រុងប៉ោយប៉ែត។ ភ្លាមនោះកម្លាំងជំនាញបានចុះប្រតិបត្តការ
និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ស៊ូ វ៉ាន់(រឿន) ភេទប្រុស
អាយុ២១ឆ្នាំ ចំណែកបក្ខពួកចំនួន០២នាក់បានរត់គេចខ្លួនបាត់។
ក្នុងប្រតិបត្តិការនោះកម្លាំងចាប់យកវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខៀវ
ផលិតឆ្នាំ២០២៦(បានប្រគល់ជូនជនរងគ្រោះវិញ), កាំបិតប្រវែង
៤២សង់ទីម៉ែត្រ ចំនួន០១ដើម, សោរកែច្នៃប្រវែង
១៣សង់ទីម៉ែត្រ ចំនួន ០១ដើម
ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី
ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+)។
ក្រោយឃាត់ខ្លួននិងសួរនាំរួច
ជនសង្ស័យត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង
ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថាការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី
បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម
កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ
កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា
ឆ្នាំ២០២៦នេះដើម្បីអនុវត្តតាមនីតិវិធី៕


