បន្ទាយមានជ័យ ៖ ក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យ ព្រះអង្គឌួង សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
កម្មវិធីសប្បុរសធម៌នេះប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ពោលនាថ្ងៃសៅរ៍
ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០នាទីព្រឹកតទៅ នៅក្នុងបរិវេណ
មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ស្ថិតនៅភូមិកោះកែវ ឃុំឬស្សីក្រោក
ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសជួបសំណេះសំណាលជាជាមួយបងប្អូនប្រជាពលរដ្ឋ
ដែលមកទទួលការព្យាបាល ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត
ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យ ព្រះអង្គឌួង
ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដឹកនាំក្រុមគ្រូពេទ្យ ដើម្បីចុះមកពិនិត្យ
និងព្យាបាលជូនបងប្អូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ
ដើម្បីផ្តល់ក្តីសង្ឃឹម
ហើយក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងថា សុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ
គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសង្គមជាតិ។
ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមបេសកកម្មមនុស្សធម៌នានា
បាននិងកំពុងដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីថែទាំសុខភាពជាច្រើន ដើម្បីធានាថា
ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសារមានជីវភាពខ្វះខាត ទទួលបានសេវាសុខាភិបាលដោយស្មើភាពគ្នា
តាមរយៈ ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។
អភិបាលខេត្តបន្តថា ការផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃ
គឺជាការបង្ហាញយ៉ាងច្បាស់អំពីក្ដីមេត្តាករុណា សាមគ្គីភាព
និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងសង្គមជាតិទាំងមូលចំពោះសុខភាពរបស់ប្រជាពលរដ្ឋ។
ព្រមទាំងបានឆ្លុះបញ្ចាំងពីទស្សនវិស័យថា “សុខភាពល្អ
គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់គ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ”
៕














