ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រី និងកូនបង្កងពូជ នៅស្ទឹងសង្កែ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រី និងកូនបង្កងពូជ នៅស្ទឹងសង្កែ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជ នៅស្ទឹងសង្កែ នៅចំណុចខាងមុខវេទិកាអ៊ុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើឱ្យស្ទឹងសង្កែសំបូរទៅដោយមច្ឆជាតិសម្រាប់បម្រើឱ្យសេចក្ដីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់។

 

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជធ្វើឡើងដើម្បីដាស់ស្មារតីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សធនធានមច្ឆជាតិសម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដូច្នេះអាជ្ញាធរក្រុង ស្រុក បង្កើនការព្រលែងកូនត្រីនៅតាមប្រភពទឹកធំៗ និងតំបន់អភិរក្សឱ្យបានច្រើនសំដៅបង្កើនធនធានជលផលនិងជំរុញការបង្រ្កាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។

 

ក្នុងនោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់កងកម្លាំងយោធាដែលបានខិតខំការពារធនធានជលផល និងបង្រ្កាបបទល្មើសនៅតំបន់បឹងទន្លេសាបធ្វើឱ្យធនធានមច្ឆជាតិមានការកើនឡើងជាលំដាប់ ហើយក៏ជំរុញដល់មន្រ្តីជំនាញជលផល និងប្រជាពលរដ្ឋបង្កើនការបង្កាត់ពូជមច្ឆជាតិ និងការចិញ្ចឹមឱ្យបានច្រើនផុសផុលដើម្បីបំពេញតម្រូវការហូបចុកប្រចាំថ្ងៃ និងត្រូវមានស្មារតីភ្ញាក់រលឹកចូលរួមយុទ្ធនាការថែរក្សាអនាម័យបរិស្ថាន និងសម្អាតបរិវេណមន្ទីរ អង្គភាព តាមដងផ្លូវ និងផ្ទះសម្បែងរៀងៗខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ។

 

សូមជម្រាបថា ទិវាមច្ឆជាតិ “ព្រលែងកូនត្រីពូជ និងកូនបង្កងពូជ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបានព្រលែងកូនត្រីពូជមាន ,ត្រីប្រា ,ត្រីឆ្ពិន ,ត្រីពោ ,ត្រីក្រាញ់ ,ត្រីអណ្តែងទន់ សរុបចំនួន ៧០០០០ក្បាល និងកូនបង្កងពូជ ៤០០០០ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្តើកមួយចំនួនផងដែរ៕








ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post