អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពួកគេធ្វើសកម្មភាពលួចបូមសាំងចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពួកគេធ្វើសកម្មភាពលួចបូមសាំងចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក

បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ក្រោយពួកគេធ្វើសកម្មភាពលួចបូមសាំងចេញពីម៉ូតូសណ្ដោងរ៉ឺម៉កដែលទុកចោលពេលយប់នៅខាងមុខឃ្លាំង ចំណុចផ្សារភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

 

មន្ត្រីអាវុធហត្ថបានអោយដឹងថា ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីទទួលបានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកដែលជនរងគ្រោះបានបង្ហោះរូបភាពវីដេអូរពាក់ព័ន្ធករណីជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចបូមសាំងចេញពីម៉ូតូសណ្ដោងរម៉កខាងលើ ភ្លាមនោះកម្លាំងការិយាល័យជំនាញបានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្តាប់ ដែលម្នាក់ឈ្មោះ រ៉ាន ដារ៉ូ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស និងម្នាក់ទៀតឈ្មោះ ផន ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមួយវត្ថុតាងម៉ូតូ០១គ្រឿង និងទូរស័ព្ទ០១គ្រឿង ចាត់ការតាមនីតិវិធី។

 

ជាមួយគ្នានេះដែរ មន្ត្រីកងរាវុធហត្ថខេត្តបាត់ដំបងបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រសិនបើជួបប្រទះករណីអំពើលួចឆក់ប្លន់ ឬក៏បាត់បង់ទ្រព្យសម្បត្តិផ្សេងៗសូមទំនាក់ទំនងមកដាក់បណ្ដឹងនៅមន្ត្រីកងរាវុធហត្ថខេត្ត ក្រុង ឬស្រុក ដែលនៅជិតអ្នកបំផុត។ដើម្បីអោយកម្លាំងជំនាញចុះស្រាវជ្រាវនិងអន្តរាគមន៍បានទាន់ពេល៕


ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post