កំពង់ស្ពឺ ៖ កម្លាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
បានសហការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៤៤
ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦
ខែតុលា ឆ្នាំ២០២៦ និងបានឃាត់ខ្លួនអ្នកបើកបរម្នាក់ផងដែរ។
យោងតាមសម្តីរបស់មន្ត្រីនគរបាលជំនាញបានឱ្យដឹងថា
ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ
ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីលោកឧត្ដមសេនីយ៍ត្រី ប៊ុត
ចាន់តារា ស្នងការរងទទួលផែនសេដ្ឋកិច្ច
និងក្រោមការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូង
កម្លាំងបានចុះស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2H-2857
ដឹកឈេីប្រភេទក្រៅលំដាប់ថ្នាក់(ប្រភេទឈើម្រេញ)ជាក្បាំងក្បាលគ្រែ៣៦សន្លឹក។នៅក្នុងប្រតិបត្តិការនោះ
កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនអ្នកបើកបរម្នាក់ផងដែរ ឈ្មោះ ងិន សុខ
ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់
ខេត្ដកំពង់ស្ពឺ ។
សមត្ថកិច្ចជំនាញរូបនេះបន្តថា
ក្រោយការស្ទាក់ឃាត់ វត្ថុតាងរួមទាំងអ្នកបើកបរត្រូវប្រគល់ជូនបន្តទៅកម្លាំងឧទ្យានុរក្សបរិស្ថានប្រចាំការស្រុកឱរ៉ាល់វិញ
ដេីម្បីបន្ដនីតិវិធី។
ជុំវិញការឃាត់រថយន្តដឹកឈើប្រភេទម្រេញប្រមាណជាង៣០សន្លឹកខាងលើ
ប្រជាពលរដ្ឋមូលដ្ឋានបាននិយាយថា
រថយន្តនេះបានបើកឆ្លងកាត់ស្នាក់ការរបស់មន្ត្រីបរិស្ថានជាច្រើនកន្លែងរួមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀតយ៉ាងសុខសាន្ត
តែបែរជាមកជាប់អន្ទាក់កម្លាំងនគរបាលសេដ្ឋកិច្ចនៅលើដងផ្លូវជាតិ
ហើយបញ្ជូនទៅឱ្យមន្ត្រីបរិស្ថានដើម្បីកសាងសំណុំរឿងវិញ
ដែលនេះបង្ហាញឱ្យឃើញពីចំនុចអសមត្ថភាពរបស់មន្ត្រីជំនាញបរិស្ថានដែលដាក់ស្នាក់ការបណ្តាក់គ្នាដូចខ្យងដើម្បីត្រួតពិនិត្យរាល់ការដឹកជញ្ជូនផល
អនុផលព្រៃឈើ
តែបែរជាឈើអាចដឹកចេញពីដែនសមត្ថកិច្ចរបស់ខ្លួនដោយរលូនគ្មានការរំខាន។មួយវិញទៀត
កន្លងមកមន្ត្រីអាវុធហត្ថស្រុកឱរ៉ាល់ក៏ធ្លាប់ធ្វើការបង្ក្រាបឈើអុសស្ទែរ(ឈើចម្រុះ)ចំនួន២៧ស្ទែរ
ដែលជនល្មើសអារដោយរណាយន្តអង្គើព្រៃក្នុងដែនបរិស្ថាន ហើយយកមករៀបទុកក្នុងដីមួយកន្លែងដែលម្ចាស់មិននៅដោយគ្មានការរំខានដល់មន្ត្រីបរិស្ថានដូចគ្នា។ក្រោយការបង្ក្រាប
មន្ត្រីអាវុធហត្ថក៏បានធ្វើការប្រគល់អុសស្ទែរទាំងនោះទៅមន្រ្តីបរិស្ថានអនុវត្តបន្តវិញផងដែរ។
ពលរដ្ឋថា ការចាប់បទល្មើសដឹកជញ្ជូនផល អនុផលព្រៃឈើដែលហូរចេញពីដែនបរិស្ថានដែលមានស្នាក់ការច្រើននិងគ្រប់ផ្លូវទាំងអស់ រួចប្រគល់ឱ្យបន្ត្រីបរិស្ថានវិញ មិនខុសពីពាក្យចាស់ថា កាត់កន្ទុយ ញុកមាត់នោះទេ៕
ដោយ ៖ ប៊ុត សារុន







