លោកជំទាវ បាន ស្រីមុំ អំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់អាយុ ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

លោកជំទាវ បាន ស្រីមុំ អំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់អាយុ ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលនៅតាមការិយាល័យចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទូទាំងខេត្ត ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោត, ការធ្វើបញ្ជីជីវមាត្រ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅការិយាល័យ តាមភូមិឃុំ/សង្កាត់រៀងៗខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គមប្រកាន់សិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈ ជាសកលផង និងមានលក្ខណៈជាអសកលផង។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប. និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងបំពេញភារកិច្ចនៅតាមការិយាល័យនីមួយៗ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយការយកចិត្តទុកដាក់លើការផ្តល់សេវា និងសម្របសម្រួលដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យទទួលបានភាពងាយស្រួល និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ បន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់អំពីនីតិវិធី និងមានឱកាសពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនព្រមទាំងសហការជាមួយកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រកបដោយភាពរលូន និងមានទំនុកចិត្តខ្ពស់។

សូមបញ្ជាក់ថា៖ យោងតាមទិន្នន័យពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងខេត្តប៉ៃលិន មាន ការិយាល័យចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតសរុបចំនួន ៨ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅតាមបណ្តាឃុំ-សង្កាត់ និងទីតាំងកំណត់នានាក្នុងខេត្ត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការអញ្ជើញទៅពិនិត្យឈ្មោះ ឬចុះឈ្មោះបោះឆ្នោតថ្មី ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕










Post a Comment (0)
Previous Post Next Post