បាត់ដំបង
៖ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង
ដែលមានឯកឧត្ដម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
និងជាប្រធានមន្ទីរ និងជាប្រធានក្រុមចលនាម៉ូតូកង់បី ម៉ូតូឌុប ខេត្តបាត់ដំបង
ដោយមានការអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ
អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល
និងសួរសុខទុក្ខជាមួយក្រុមចលនាអ្នកបើកបរម៉ូតូកង់បី និងម៉ូតូឌុប ចំនួន ៤៩៣នាក់
ក្នុងខេត្តបាត់ដំបង ដើម្បីពង្រឹងទំនាក់ទំនង ស្វែងយល់ពីស្ថានភាពជីវភាព
និងបញ្ហាប្រឈមនានារបស់បងប្អូនប្រកបអាជីវកម្មដឹកជញ្ជូន។
ក្នុងឱកាសនោះ
ឯកឧត្ដម ព្រួញ រិទ្ធថា ក្នុងនាមជាប្រធានក្រុមចលនាម៉ូតូកង់បី ម៉ូតូឌុប
ខេត្តបាត់ដំបង បានបញ្ជាក់ថា បងប្អូនក្រុមក្រុមចលនាម៉ូតូកង់បី ម៉ូតូឌុប
មកចូលរួមថ្ងៃនេះមាន០៧ក្រុម ស្មើនឹង៤៩៣នាក់ ហើយដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចក្រឡាហោម
សខេង ក៏ដូចជាឯកឧត្តម សុខ លូ អភិបាលខេត្ត
រយះពេលកន្លងមកមន្ទីរបានយកចិត្តទុកដាក់ខ្លាំងចំពោះបងប្អូន
ក្នុងនោះបានសម្របសម្រួលការព្យាបាលដោយឥតគិតថ្លៃ
បានអំពាវនាវអោយពួកគាត់មកប្រឡងយកប័ណ្ណបើកបរ
និងជួយកិច្ចការងារផ្សេងៗជាច្រើនទៀតដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់។
ជាមួយគ្នានេះ
ឯកឧត្តម សុខ លូ បានសម្តែងនូវការស្វាគមន៍
និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកបើកបរម៉ូតូកង់បី និងម៉ូតូឌុប
ដែលបានប្រកបរបរដោយសុចរិត និងចូលរួមផ្តល់សេវាដឹកជញ្ជូនជូនប្រជាពលរដ្ឋ
និងភ្ញៀវទេសចរដែលធ្វើដំណើរក្នុងខេត្តបាត់ដំបង និងបានលើកទឹកចិត្តឱ្យបងប្អូនបន្តគោរពច្បាប់ចរាចរណ៍ផ្លូវគោក
មានសីលធម៌ និងការទទួលខុសត្រូវក្នុងការផ្តល់សេវាជូនអតិថិជន
ព្រមទាំងចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យបរិស្ថាននៅតាមទីប្រជុំជន
និងតំបន់ទេសចរណ៍ក្នុងខេត្ត។
ជំនួបសំណេះសំណាលនេះដែរបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តបាត់ដំបង ចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរជាអ្នកបើកបរម៉ូតូកង់បី និងម៉ូតូឌុប ព្រមទាំងការចូលរួមរបស់ពួកគាត់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងលើកកម្ពស់សេវាដឹកជញ្ជូនក្នុងខេត្តបាត់ដំបង ៕
ដោយ ៖
សាលី







