បាត់ដំបង ៖ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់
បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ
និងសុវត្ថិភាព សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ព្រមទាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ
និងដាក់ចេញនូវផែនការការងារជាក់លាក់ ដល់កងកម្លាំងពាក់ព័ន្ធ
ដើម្បីត្រៀមលក្ខណៈឱ្យបានល្អក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
ក្នុងកិច្ចប្រជុំ
ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានណែនាំដល់កម្លាំងនគរបាល និងកម្លាំងពាក់ព័ន្ធ
ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច
សហការគ្នាឱ្យបានជិតស្និទ្ធ និងត្រៀមកម្លាំង សម្ភារៈ និងមធ្យោបាយឱ្យបានគ្រប់គ្រាន់
ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះស្ថានការណ៍ផ្សេងៗដែលអាចកើតមាន។
ជាមួយគ្នានេះ
សម្រាប់ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏សំខាន់របស់ប្រជាជនកម្ពុជា
កម្លាំងមានសមត្ថកិច្ចត្រូវបង្កើនការយាមល្បាត និងការពារនៅតាមទីប្រជុំជន
តំបន់ទេសចរណ៍ វត្តអារាម និងទីកន្លែងដែលមានប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ច្រើន ដើម្បីចូលរួមកាត់បន្ថយ
និងទប់ស្កាត់បទល្មើស ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍
និងបញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ក៏បានសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងការបំពេញភារកិច្ចដោយការទទួលខុសត្រូវ ព្រមទាំងត្រូវមានស្មារតីបម្រើប្រជាពលរដ្ឋ និងដោះស្រាយរាល់បញ្ហាដែលកើតមានដោយសន្តិវិធី ស្របតាមច្បាប់ និងបទបញ្ជាជាធរមាន ៕
ដោយ ៖
សាលី









