បាត់ដំបង ៖ អង្គភាពរដ្ឋាករទឹកបាត់ដំបង
ដែលមានឯកឧត្តម អ៊ុត ក្លឹង ជាអគ្គនាយក នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ
បានដឹកនាំសហការី រៀបចំពិធីកាន់បិណ្ឌវេនទី៩ នៅវត្តកណ្តឹង ក្រុងបាត់ដំបង
ដើម្បីចូលរួមគោរពប្រពៃណីទំនៀមទម្លាប់ខ្មែរ និងឧទ្ទិសកុសលជូនដល់បុព្វការីជន
និងញាតិការទាំងឡាយដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្នុងពិធីនេះ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកអង្គភាព
បាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ព្រមទាំងបានរៀបចំប្រគេនចង្ហាន់
និងធ្វើពិធីតាមប្រពៃណីព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លា
និងបង្ហាញពីការចូលរួមថែរក្សា និងលើកតម្កើងប្រពៃណី វប្បធម៌
និងព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ជាតិខ្មែរ ព្រមទាំងជាឱកាសឱ្យមន្ត្រី បុគ្គលិក
និងក្រុមគ្រួសារ បានរួមគ្នាធ្វើបុណ្យកុសល និងឧទ្ទិសមគ្គផលជូនដល់បុព្វបុរស
និងបុព្វការីជនរបស់ខ្លួន។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រី
បុគ្គលិកអង្គភាពរដ្ឋាករទឹកបាត់ដំបង
ក៏បានបួងសួងសូមឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើន
ព្រមទាំងសូមឱ្យប្រជាពលរដ្ឋគ្រប់រូបជួបប្រទះតែសេចក្តីសុខ សុភមង្គល
និងសុខភាពល្អគ្រប់ៗគ្នា៕
Tags:
ព័ត៌មានជាតិ


