កំពង់ស្ពឺ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានលើកទឹកចិត្តដល់សិស្សនិទ្ទេសAដែលបានប្រឡងទទួលបានជ័យលាភីក្នុងឆ្នាំសិក្សា២០២៥-២០២៦
ឱ្យបន្តការខិតខំបន្ថែមទៀតដើម្បីអនាគតខ្លួនឯង
គ្រួសារនិងប្រទេសជាតិ។ការលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAនិងថ្លែងអំណរគុណដល់លោកគ្រូ
អ្នកគ្រូនៅតាមវិទ្យាល័យក្នុងក្របខណ្ឌមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ខេត្តកំពង់ស្ពឺទទួលបានបេក្ខជនប្រឡងជាប់និទ្ទេសចំនួន៣១នាក់
និងមានវិទ្យាល័យដែលសិស្សចូលប្រឡងហើយជាប់១០០%មិនមានធ្លាក់សោះ។ទាំងនេះបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងនិងលះបង់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់
ដែលបានចូលរួមយ៉ាងសកម្មធ្វើឱ្យលទ្ធផលទទួលបានល្អប្រសើរ។ជាងនេះ
អ្វីដែលជាមោទនភាពបំផុតនោះគឺការខិតខំសិក្សារៀនសូត្រដោយខ្លួនឯងនិងការជួយជម្រុញនិងលើកចិត្តពីក្រុមគ្រួសារ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កំណែទម្រង់របស់ក្រសួងអប់រំ
ការលះបង់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ
ពិសេសវគ្គបំប៉នថ្នាក់ទី១២គឺជាផ្នែកតូចមួយប៉ុណ្ណោះ
ប៉ុន្តែអ្វីជាកត្តាជោគជ័យដែលមិនអាចខ្វះបានគឺការខិតខំរៀនសូត្រដោយខ្លួនឯងនិងការលើកទឹកចិត្តពីគ្រួសារ
បើគ្មានការខិតខំ គ្មានការលើកទឹកចិត្តពីក្រុមគ្រួសារនោះទេ
កំណែទម្រង់របស់ក្រសួងអប់រំ យុវជននិងកីឡា
រួមទាំងការលះបង់បង្រៀនរបស់លោកគ្រូអ្នកគ្រូក៏មិនអាចឱ្យប្អូនៗទទួលបានល្អដូចថ្ងៃនេះដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកការប្រឹងប្រែងរបស់ក្មួយៗទាំងអស់នេះ
គឺជាភាពជោគជ័យសម្រាប់ក្រុមគ្រួសារ និងឆាកជីវិតនៃជំហានដំបូងរបស់ខ្លួនឯង
មុននឹងឈានឆ្ពោះទៅរកភាពជោគជ័យក្នុង ៣ដំណាក់កាលជាបន្តបន្ទាប់ទៀត
តាមរយៈការប្រឹងប្រែងបន្តគឺ៖ទី១-ការបញ្ចប់ការសិក្សា
នៅកម្រិតឧត្ដមសិក្សាទី២-មានការងារល្អធ្វើនិងទី៣-ការកសាងគ្រួសារមួយប្រកបដោយសុភមង្គល។
ជាមួយនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងដែរថា
ថ្វីត្បិតតែកត្តាជាច្រើនបានជម្រុញដល់ក្មួយៗ ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែ
ភាពជោគជ័យនេះក៏មិនអាចកាត់ថ្លៃបានពីកត្តាសុខសន្តិភាពរបស់ប្រទេសជាតិឡើយ
ពីព្រោះថាបើគ្មានសុខសន្តិភាពទេ ប្អូនៗក៏មិនអាចមានឱកាសគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំនិងការសិក្សារៀនសូត្រដែលមានគុណភាពដូចថ្ងៃនេះដែរ។ដូច្នេះ
បើប្អូនៗមានឱកាសទទួលបានការសិក្សានេះហើយ
ប្អូនៗត្រូវបន្តការប្រឹងប្រែងរៀនសូត្របន្ថែមទៀត
ដើម្បីទទួលបានឱកាសជាអ្នកបន្តវេនប្រកបដោយថាមពល និងសក្ដានុពល
ហើយត្រូវធ្វើយ៉ាងណាចូលរួមជួយអភិវឌ្ឍសង្គមជាតិ ប្រកបដោយគុណធម៌ និងសច្ចៈធម៌
ហើយត្រូវចងចាំថាជោគវាសនាប្រទេសគឺស្ថិតនៅលើដៃអ្នកជំនាន់ក្រោយនេះហើយ។
សូមបញ្ជាក់ថា សិស្សដែលបានប្រឡងជាប់និទ្ទេសAចំនួន៣១នាក់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់នូវComputer(ផ្លែតថប)ម្នាក់មួយគ្រឿង
ហើយចំពោះសិស្សនិទ្ទេសAបីនាក់ដែលទទួលពិន្ទុខ្ពស់ជាងគេទទួលបានម៉ូតូម្នាក់មួយគ្រឿងបន្ថែមទៀតផងដែរ។ជាមួយគ្នានោះ
សាលាដែលមានសិស្សប្រឡងជាប់ភាគរយខ្ពស់និងមាននិទ្ទេសAក៏បានការឧបត្ថម្ភបន្ថែមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺផងដែរ
៕
ដោយ ៖ ប៊ុត សារុន













