រដ្ឋបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តទាំងពីរ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រដ្ឋបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តទាំងពីរ

បាត់ដំបង ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តបាត់ដំបង បានអញ្ជើញចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។


ក្នុងការចុះហត្ថលេខានេះផ្ទៃដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិនរួមមាន ៖ កាត់ផ្ទៃដីទំហំ ៣៣២.៥៦ហិកតា នៅក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឱ្យស្ថិតនៅ ក្រោម ការគ្រប់គ្រងរបស់រដ្ឋបាលឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកអូរដូនតា ជាខ្សែព្រំប្រទល់រដ្ឋបាល ។ កាត់ផ្ទៃដីទំហំ ១២៩.១៦ហិកតា នៅក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកអូរដូនតា ជាខ្សែព្រំប្រទល់រដ្ឋបាល។ កាត់ផ្ទៃដីទំហំ ៥.៧៧ហិកតា នៅក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយកំណត់យកអូរត្រែង ជាខ្សែព្រំប្រទល់រដ្ឋបាល។ កាត់ផ្ទៃដីទំហំ ០.៨១ហិកតា នៅក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការ គ្រប់ គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយកំណត់យកផ្លូវលំ (ទទឹង ១០ ម៉ែត្រ) ជាខ្សែព្រំប្រទល់រដ្ឋបាល។ កាត់ផ្ទៃដីទំហំ ១១.៦៩ហិកតា នៅក្នុងភូមិសាស្ត្រឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយកំណត់យកផ្លូវលំ (ទទឹង ៣០ ម៉ែត្រ) និងក្បាលដីចុះបញ្ជី ជាខ្សែព្រំប្រទល់រដ្ឋបាល។

ចំពោះផ្ទៃដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តបាត់ដំបង ៖ កាត់ផ្ទៃដីទំហំ ១.០៥ ហិកតា នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយកំណត់យកក្បាលដីចុះបញ្ជី ជាខ្សែព្រំប្រទល់រដ្ឋបាល។ កាត់ផ្ទៃដីទំហំ ៩.៧៩ហិកតា នៅក្នុងភូមិសាស្ត្រសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយកំណត់យកក្បាលដីចុះបញ្ជីអូរនិងផ្លូវលំជាខ្សែព្រំប្រទល់រដ្ឋបាល។ កាត់ផ្ទៃដីទំហំ ៤៥.០៤ហិកតា នៅក្នុងភូមិសាស្ត្រសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយកំណត់យកផ្លូវលំនិងក្បាលដីចុះបញ្ជីជាខ្សែព្រំប្រទល់រដ្ឋបាល។


សូមបញ្ជាក់ថា បន្ទាប់ពីការចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរបានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីរៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រោយពីមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ ព្រំប្រទល់នោះមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង ៕






Post a Comment (0)
Previous Post Next Post