បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់
ត្រូវបានកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងអនុសេនាធំទី១ វរសេនាតូច៥១១
អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធករណី
លួចនាំចូលថ្នាំស៊ីរ៉ូក្អក ពីប្រទេសថៃមកកម្ពុជា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ
បានឲ្យដឹងថា នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ
បានទទួលជនសង្ស័យចំនួន០២នាក់ ពីលោកអនុសេនីយ៍ទោ កែវ សុខចាន់
មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១
ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់ (ថ្នាំស៊ីរ៉ូក្អក)
ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា
នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យទាំង២នាក់ មានឈ្មោះ ណយ វី ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ
ផលលីន ភេទប្រុស អាយុ២៦ឆ្នាំ ព្រមទាំងវត្ថុតាងថ្នាំស៊ីរ៉ូក្អក ម៉ាក DATISSIN ចំណុះ ៦0មីលីលីត្រ
ចំនួន០៦កេស សរុបចំនួន១,១៥០ដប ។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ក្រុមខ្លួន
និងបក្ខពួកផ្សេងទៀតពិតជាបានធ្វើសកម្មភាពដឹកជញ្ជូនថ្នាំស៊ីរ៉ូក្អក ម៉ាកDATISSIN
យកចេញពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា
តាមអូរព្រំដែនដោយខុសច្បាប់ពិតប្រាកដមែន ដោយតាមការណែនាំរបស់មេក្លោងឈ្មោះ សំរើន
(ស៊ុនរ៉ើន) ភេទប្រុស អាយុ៣៣ឆ្នាំ
ជនជាតិខ្មែរ (រត់គេចខ្លួន) ចំនួន០២លើក ដោយទទួលបានកម្រៃឈ្នួលចំនួន២០,០០០(ពីរម៉ឺន)រៀលក្នុង០១លើក ។ ក្នុងនោះសមត្ថកិច្ចជំនាញ ក៏បានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+)
។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចមក កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕