បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារី ចំពោះ ព្រះគ្រូបញ្ហារក្ខិតមង្គល រីរ៉ាម ព្រះគ្រូចៅអធិការវត្តរតនគុណារាម (វត្តរោងគោ) ស្ថិតក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការនិមន្តអញ្ជើញ ចូលរួមពី ព្រះឧត្តមសីលញាណ ធុល សុធា
ព្រះរាជាគណៈកិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ
ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ និងមានការចូលរួមពីលោក បៀវ ថាន
ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី
មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស
និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ថា ព្រះពុទ្ធសាសនា
មិនត្រឹមតែជាសាសនារបស់រដ្ឋ និងជាទីស័ក្តិសិទ្ធិសម្រាប់គោរពបូជាផ្លូវចិត្តប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការទ្រទ្រង់
និងអភិវឌ្ឍសង្គមខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ។ ពុទ្ធចក្រ និងអាណាចក្រ
មានភាពប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ក្នុងការអប់រំ
និងការបណ្តុះបណ្តាលធនធានមនុស្ស ទោះបីជាបច្ចុប្បន្នមានសាលារៀនទំនើបច្រើនយ៉ាងណាក៏ដោយ
ក៏វត្តអារាមនៅតែជាកន្លែងផ្តល់កាសិក្សា ស្នាក់នៅ
និងជួយដល់សិស្ស-និស្សិតបានសិក្សារៀនសូត្រផងដែរ ។ ស្មារតីសាមគ្គីភាព
និងការងារមនុស្សធម៌ វត្តអារាម ជាទីកន្លែងនៃការប្រមូលផ្តុំកម្លាំងសាមគ្គី
ជួយក្នុងការអភិវឌ្ឍសង្គមដូចជា ធ្វើស្ពាន ថ្នល់ អណ្តូងទឹក មន្ទីរពេទ្យ
ឬជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិជាដើម។
ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត ក៏អំពាវនាវ អាចារ្យ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទ គប្បីបង្កើនការយកចិត្តទុកដាក់លើផ្នែកអនាម័យ-បរិស្ថាន ឱ្យមានភាពបៃតង និងជួយជ្រោមជ្រែងឱ្យវត្តអារាម នៅតែបន្តដើរតួនាទីជាកន្លែងអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរយើងបានកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយសម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីវត្តអារាមជាកន្លែងបណ្តុះនូវធនធានមនុស្ស ដែលពោរពេញទៅដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការ ជាតិ ព្រមទាំងត្រូវចូលរួមឱ្យបានខ្លាំងក្លាក្នុងការកាត់បន្ថយនូវអំពើអកុសល អបាយមុខផ្សេងៗ ដូចជា ល្បែងស៊ីសង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរ តាមរយៈសារអប់រំ-ទូន្មាន-ប្រៀនប្រដៅតាមពុទ្ធោវាទ ដើម្បីលុបបំបាត់នូវអំពើអកុសលទាំងពួងនៅក្នុងសហគមន៍ និងសង្គមជាតិយើងទាំងមូល ៕












