បាត់ដំបង ៖ ដោយអនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ
លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩
ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ឡុង សុភឺន
ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន
ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ( ចាស់ជរា ជំងឺរ៉ាំរៃ ជនមានពិការភាព
ស្រ្តីមេម៉ាយកូនច្រើន
គ្រួសារទីទាល់ក្រ)ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន ១៣គ្រួសារ
មកពីឃុំមោង និងឃុំគារ ស្រុកមោងស្សី ខេត្តបាត់ដំបង។
មានមតិសំណេះសំណាលនាឱកាសនោះលោក ឡុង សុភឺន
បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាខេត្ត
ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ
ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ
និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។
ជាមួយគ្នានេះ លោកប្រធានអនុសាខា បានផ្តាំផ្ញើបងប្អូនទាំងអស់
សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យឱ្យ បានល្អ ជាពិសេសត្រូវបរិភោគ
ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថាន
និងជីវៈចម្រុះនៅទីនេះឱ្យបានគង់វង្ស ហើយត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរ
តែមួយនិងសូមប្រុងប្រយ័ត្នក្មេង ពីសត្វ អាសិរពិសផ្សេងៗ
និងត្រៀមបង្ការពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាស
និងចូលគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងជៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ
ហើយបើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋខិតខំជម្នះការលំបាកតស៊ូ
ជំរុញកូនរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ
មានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ។
អំណោយដែលត្រូវផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម ,ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ ,មី០១កេស ,ឃីត០១កញ្ចប់ (មុង០១, ភួយ០១, កន្ទេល០១, ខ្នើយ០១,
ក្រមា០១, សារ៉ុង០១) និងថវិកាមួយចំនួន ។
ដោយឡែក០១គ្រួសារកុមារីឈ្មោះ ម៉ន វណ្ណា ភេទស្រី អាយុ ១៣ឆ្នាំរស់នៅភូមិកោះថ្កូវ
ឃុំគារ ទទួលបានបន្ថែមកង់០១គ្រឿង (ឧបត្ថម្ភដោយអង្គការOEC)ផងដែរ
៕
ដោយ ៖ សាលី






