ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ

បន្ទាយមានជ័យ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនជនភៀសសឹក ។


ពិធីនោះក៏មានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ប្រតិភូអមដំណើរ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងអភិបាលខេត្តមួយចំនួន ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៦។


ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងនូវការកោតសរសើរចំពោះអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុមការងារគ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលជានិច្ចកាលតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ជាពិសេសក្នុងគ្រាដែលកម្ពុជាយើងទទួលបាននូវបានឈ្លានពានម្តងហើយម្តងទៀតទាំង២លើក ។


ឯកឧត្តម លើកឡើងថា អ្វីដែលធ្វើឱ្យប្រទេសជាតិយើងទាំងមូល និងដែលធ្វើឱ្យយើងឈឺចាប់មិនអាចបភ្លេចបានទាំងបងប្អូខ្មែរនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសនោះគឺ ការឈ្លានពានទាំងកម្រោលរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាយើង បានបន្សល់ទុកនូវការឈឺចាប់ សោកនាដកម្ម ដ៏ខ្លោចផ្សារដែលកើតចេញពីមហ្ឆិតា ចង់បានទឹកដីកម្ពុជា។

ឯកឧត្តមបន្តថា កម្ពុជាធ្លាប់ឆ្លងកាត់រួចមកហើយ ក្នុងសង្គ្រាមដ៏ខ្មៅងងឹត បានធ្វើឱ្យកម្ពុជាធ្លាក់ដល់ចំនុចសូន្យ តែដោយមានការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានតស៊ូរហូតនាំកម្ពុជាមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស។ ហើយនៅចុងឆ្នាំ២០២៥ យើងក៏ត្រូវភាគីថៃ បង្កហេតុឱ្យមានការផ្ទុះអាវុធ តាមព្រំដែន ធ្វើឱ្យពលរដ្ឋកម្ពុជារងទុក្ខវេទនា កុមារត្រលប់រត់ចេញពីសាលារៀនទៅរកកន្លែងមានសុវត្ថិភាព បង្ខំចិត្តចាក់ឆ្ងាយពីសាលារៀន រហូតមកទល់ពេលនេះមិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញបាន ផ្ទះសំបែងត្រូវបានបាត់បង់ ដោយសារយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស គ្រប់គ្រង់ដោយខុសច្បាប់។


ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា បើទោះបីយើងទទួលបានការឈ្លានពានក៏ដោយ ដំណើរការសង្គមសេដ្ឋកិច្ចខ្មែរនៅគ្រប់ទិសទី នៅតែបន្តដំណើរការទោះជាយ៉ាងណាក្តី អ្វីដែលយើងបានឃើញ «ស្មារតីជាតិរួបរួម » បានមកនូវការជួបជុំគ្នា ជួយគ្នាទៅវិញទៅមក។ ហើយ«ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម ព្រមទាំងសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដោយបានរៀបចំទីតាំង និងសាងសង់លំនៅឋានបណ្តោះអាសន្នក្នុងរយៈពេលដ៏ខ្លី ដោះស្រាយតម្រូវការបន្ទាន់ចំពោះមុខ ដើម្បីធានាថាប្រជាពលរដ្ឋអាចរស់នៅបានដោយសមរម្យ និងកក់ក្តៅ។

ឯកឧត្តម អំពាវនាវដល់ពលរដ្ឋ បន្តជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ព្រមទាំងគាំទ្រជំហរ និងរាល់ចំណាត់ការក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

សូមបញ្ជាក់ថា ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានប្រគល់ភារកិច្ចឱ្យក្រុមការងារចំពោះកិច្ច ធ្វើការរៀបចំដីដើម្បីសាងសង់ផ្ទះជូនពួកគាត់រស់នៅឱ្យបានប្រសើរជាងមុន នៅក្នុងមណ្ឌលសមាគមអតីតយុទ្ធជនភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។ ដែលមកទល់ពេលនេះ មានប្រជាពលរដ្ឋរស់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន (បច្ចុប្បន្នៈ ភូមិរង់ចាំ) មានចំនួន៣.៣១៨គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១៣.២៥៩នាក់/ស្រី៦.៦៤២នាក់ កុមារ៣.៤១៦នាក់ ក្នុងចំណោមប្រជាពលរដ្ឋ៣.៣១៨គ្រួសារ ក្នុងនោះ មានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំនួន១៤៥គ្រួសារ ដោយផ្តល់ដីទំហំ ២០ម X ៣០ម ក្នុង១គ្រួសារ សាងសង់ផ្ទះទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ លើផ្ទៃដីចំនួន៤០០ហិកតា ក្នុងនោះដីធ្វើកសិកម្មចំនួន១១៣ហិកតា ដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បានឧបត្ថម្ភជូនរាជរដ្ឋាភិបាល។ នៅក្នុងភូមិរង់មានភូមិចំនួន៦ រួមមាន ៖ ភូមិរង់ចាំទី១ ទី២ ដល់ទី៦ និងមានទីស្នាក់ការភូមិគ្រប់ភូមិទាំង៦ ព្រមទាំង មានដីសម្រាប់ធ្វើកសិកម្មដែលទទួលខុសត្រូវដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្រសួងក៏បានផ្តល់ទ្រុងមាន់ និងពូជមាន់ដល់ប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានោះក៏មានផ្លូវចំនួន២៦ខ្សែ ក្នុងនោះ ផ្លូវមេទំហំ១១ម៉ែត្រ ចំនួន៦ខ្សែ និងផ្លូវទំហំ៧ម៉ែត្រចំនួន២០ខ្សែ បានសាងសង់សាលារៀន (ចាប់ពីមត្តេយ្យសិក្សាដល់អនុវិទ្យាល័យ) មណ្ឌលសុខភាព មានប្រព័ន្ធទឹក និងភ្លើងអគ្គសនី ទៅតាមផ្ទះនីមួយៗសម្រាប់ប្រើប្រាស់ផងដែរ៕













Post a Comment (0)
Previous Post Next Post