បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី
អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ
ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន
ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ នៅស្រុកមង្គលបូរី។
ពិធីនេះក៏មានការចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្ត
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត អភិបាលស្រុក
ការិយាល័យអប់រំស្រុក នាយសាលាទូទាំងស្រុកបានចូលរួមប្រារព្ធនៅសាលា រៀន ចុងវ៉ា
ស្រុកមង្គលបូរី នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦។
មានប្រសាសន៍នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី
មានប្រសាសន៍ថា គ្រូបង្រៀន គឺជាឆ្អឹងខ្នង និងជាបេះដូងនៃវិស័យអប់រំ
ដែលមានតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការកសាងធនធានមនុស្ស
និងអភិវឌ្ឍន៍សង្គមជាតិ។ គ្រូគឺជាអ្នករៀបចំ និងចែករំលែកចំណេះដឹង វិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា ទៅដល់សិស្ស ដើម្បីឱ្យពួកគេមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សា
និងការងារទៅថ្ងៃអនាគត។
ជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ
ត្រូវបន្តខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ជាពិសេសគោរពតាមក្រមសីលធម៌
វិន័យរបស់គ្រូបង្រៀន ឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក
នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ
រៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងកាន់តែស៊ីជម្រៅជូនដល់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ
និងអង្គគ្រូបង្រៀនផ្ទាល់ អំពីខ្លឹមសារ និងសារៈសំខាន់នៃព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូ បង្រៀន» ដើម្បីធានាដល់ការអនុវត្តឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិជាធរមាន។
ព្រះរាជក្រឹត្យនេះក៏បានកំណត់យ៉ាងច្បាស់អំពីសិទ្ធិ កាតព្វកិច្ច
និងការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន សំដៅលើកកម្ពស់គុណភាពបង្រៀន
បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ និងរួមចំណែកកសាងធនធាន
មនុស្សប្រកបដោយគុណភាពខ្ពស់៕










