អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ប៉ៃលិន ៖ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយ ខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារអញ្ជើញចុះ ពិនិត្យមើលផលប៉ះពាល់ និងផ្តល់អំណោយ សង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ ដែល រងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាបន្តបន្ទាប់ បានបង្កជាជំនន់ទឹកភ្លៀងហូរជន់លិច ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ហេដ្ឋរចនាសម្ព័ន្ធនិងដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិត អាសូរ ក្រៃលែង ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជា សម្ដេច មិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេច បានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យ និងជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានា ដូចជា៖ គ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនោះ ឱ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានប្រសាសន៍លើកឡើងថា៖ បញ្ហាគ្រោះមហន្តរាយ គឺមិនអាចកំណត់បានឡើយ កត្តាសំខាន់ គឺរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទាំងអស់ ត្រូវតែចូលរួមតាមរយៈយន្តការ ឬវិធានការណ៍នានា ដើម្បីបង្ការទប់ស្កាត់ និងដោះស្រាយ សង្គ្រោះ អាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដូច្នេះសូមថ្លែង ការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានរួម សហការគ្នា ត្រៀមបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋព្រមទាំងបានជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដានក្នុងគោលដៅប្រឈមនានា បើមានបញ្ហា សូមប្រញាប់ជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ដើម្បី ជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់រងគ្រោះ ដោយមិនបានជួយនោះឡើយ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀង ធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យ បានឆាប់រហ័ស ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិសផ្សេង និងកូនចៅតូចៗចៀស វាង លង់ទឹកជាយថហេតុ ព្រមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យ ក្នុង ការរស់នៅជាប្រចាំ  ដូចជា៖លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។

បើតាមរបាយការណ៍បណ្តោះអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ជាច្រើនថ្ងៃ បានបង្កជាជំនន់ទឹកភ្លៀងហូរជន់លិចលង់ធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ៦ ឃុំ/សង្កាត់ ស្មើនឹង១៩ភូមិ ចំនួន ២៣២ខ្នងផ្ទះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូ និងបេតុង កសិផលដំណាំរងការខូចខាតមួយចំនួនធំ និងបណ្តាលអោយមនុស្ស ០១នាក់ បានបាត់បង់ជីវិត ដោយសារទឹកជំនន់គួច ៕










Post a Comment (0)
Previous Post Next Post