បាត់ដំបង
៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ទន់ សុផន
ជាអភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម
សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អភិបាលស្រុកទើបប្រកាសចូលកាន់តំណែងថ្មី
ត្រូវពង្រឹងការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បទល្មើសនេសាទ និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះឯកឧត្តមបានដាស់តឿនអាជ្ញាធរស្រុក
ឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវ
បើកផ្លូវសាធារណៈរបស់រដ្ឋឱ្យបានធំទូលាយ ថែរក្សាអនាម័យបរិស្ថាន
ទប់ស្កាត់ការរំពងសំឡេងឮខ្លាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បន្តដាំដើមឈើនៅតាមទីប្រជុំជន
និងសាលារៀនឱ្យបានច្រើនបន្ថែមទៀតសម្រាប់បម្រើជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ
និងសូមណែនាំដល់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកទាំងអស់
សូមបន្តរក្សាសាមគ្គីភាព គោរពឋានានុក្រម
និងគាំទ្រដល់ការដឹកនាំរបស់អភិបាលស្រុកថ្មីដើម្បីឱ្យការងារបម្រើសេវារដ្ឋបាល
សេវាសាធារណៈ បានប្រព្រឹត្តទៅប្រកបដោយថាមពល និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងនាមក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម សុខ លូ ប្រកាសគាំទ្រ និងអនុវត្តយ៉ាងពេញទំហឹងចំពោះការដាក់ចេញផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងសូមប្តេជ្ញាចូលរួមអនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីពង្រឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលដែនដីឱ្យកាន់តែមានប្រសិទ្ធភាព ហើយជឿជាក់យ៉ាងមុតមាំថា ផ្លែផ្កាជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះនឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរស់នៅកាន់តែប្រសើ មានលទ្ធភាពកាន់តែងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ ទាំងសេវារដ្ឋបាល និងសេវាសន្តិសុខប្រកបដោយទំនុកចិត្ត ការជឿជាក់ ឆាប់រហ័ស ទំនើប និងប្រកបដោយប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍខេត្តលើគ្រប់វិស័យ បរិយាប័ន្ន និងបច្ចេកវិទ្យាឌីជីថល៕
ដោយ ៖
សាលី











