បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋភៀសសឹកពីភូមិបន្ទាយមានឬទ្ធិ
ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៦១០គ្រួសារ
ដែលកំពុងស្នាក់នៅក្នុងភូមិរង់ចាំទី១ ទទួលបានអំណោយពីឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា
អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ ។
ពិធីនេះប្រព្រឹត្តនៅថ្ងៃទី១៣ ខែកញ្ញា
ឆ្នាំ២០២៦ នៅភូមិរង់ចាំទី១ (បន្ទាយមានឬទ្ធិ) ឃុំស្លក្រាម ស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ ដោយការអញ្ជើញចូលរួមពីសំណាក់លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត
តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
រួមនឹងក្រុមការងារជាច្រើននាក់ទៀតផងដែរ ។
លោក លី សុវណ្ណារិទ្ធ
អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា
ពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិរង់ចាំសរុបមានចំនួន ៣៣១៨គ្រួសារ
ក្នុងនោះភូមិរង់ចាំទី១ (បន្ទាយមានឬទ្ធិ) មានចំនួន ៦១០ គ្រួសារ មនុស្សរាយចំនួន២៤៤៤នាក់
ស្រីចំនួន១២៣២នាក់ កុមារចំនួន៥៨០នាក់ ។ ដោយឡែកអំណោយដែលត្រូវបានចែកជូនពលរដ្ឋភូមិរង់ចាំទី១
(បន្ទាយមានឬទ្ធិ) ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២០គីឡូក្រាម, មីជាតិ ១កេស, ត្រីខកំប៉ុង
១យួរ, មុង ១, ភួយ១, ក្រមា១, អាវយឺតមួយ, សាប៊ូដុំ ២ដុំ, ទឹកក្រូចកម្ពុជាកូឡា ១កេស, ទឹកដោះគោឆៅផ្កាឈូក
១កេស, ទឹកសុទ្ធ ៣កេស, សាប៊ូ ora ចំណុះ ៣លីត្រ ១ដប និងថវិកា ២០ម៉ឺនរៀល ។
មានប្រសាសន៍សំណះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៃភូមិរង់ចាំទី១ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរួមគ្នានាំអំណោយជូនដល់បងប្អូននាឱកាសនេះ ។ បងប្អូនប្រជាពលរដ្ឋក្នុងភូមិរង់ចាំមិនត្រឹមតែត្រូវរង់ចាំប៉ុណ្ណោះទេ ក៏ត្រូវតែចងចាំទៀតពីការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យកម្ពុជា មិនថែមតែប៉ុណ្ណោះ បានធ្វើឲ្យបងប្អូនបាត់បង់លំនៅដ្ឋានមិនអាចវិលត្រឡប់ទៅវិញរាប់ម៉ឺននាក់ ៕

















