ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតចំនួន១៤គ្រួសារទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតចំនួន១៤គ្រួសារទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី

បាត់ដំបង ៖ ដោយអនុវត្តន៍តាមអនុសាសន៍របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី  និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត ( ចាស់ជរា ជំងឺរ៉ាំរៃ ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន គ្រួសារទីទាល់ក្រ)ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មកពីភូមិចំនួន៤ ក្នុងឃុំគារ ស្រុកមោងស្សី  ខេត្តបាត់ដំបង។

មានមតិសំណេះសំណាលនាឱកាសនោះលោក ឡុង សុភឺន បានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាខេត្តពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។

ជាមួយគ្នានេះ លោកប្រធានអនុសាខា បានផ្តាំផ្ញើបងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យឱ្យ បានល្អ ជាពិសេសត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះនៅទីនេះឱ្យបានគង់វង្ស ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ និងសូមប្រុងប្រយ័ត្នក្មេង សត្វ អាសិរពិសផ្សេងៗ និងត្រៀមបង្ការពីផលប៉ះពាល់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងជៀសអោយឆ្ងាយ ពីគ្រឿងញៀនគ្រប់ប្រភេទ និងជំរុញកូនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ។

អំណោយដែលត្រូវផ្តល់ជូនរួមមាន៖ អង្ករ២០គីឡូក្រាម ,ទឹកត្រី០១យួរ ,ទឹកស៊ីអ៊ីវ០១យួរ ,មី០១កេស ,ឃីត០១កញ្ចប់(មុង, ភួយ,កន្ទេល,ខ្នើយ) និងថវិកាមួយចំនួន ដោយឡែកគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន០១គ្រួសារ បានបន្ថែមស័ង្កសីចំនួន១០សន្លឹកផងដែរ ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post