បាត់ដំបង៖
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៦នៅមណ្ឌលប្រឡងវិទ្យាល័យ
នេត យ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះ
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព
និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ រដ្ឋបាលខេត្តបានចាត់កងកម្លាំងនគរបាល
និងកងរាជអាវុធហត្ថការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងដំណើរការប្រឡង,ទប់ស្កាត់កុំឱ្យមានការដំឡើងថ្លៃសេវាស្នាក់នៅ
និងម្ហូបអាហារ,ជួយសម្រួលរៀបចំទីកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានជីវភាពខ្វះខាត
,សម្រួលការផ្ញើកង់ម៉ូតូ
របស់បេក្ខជននៅតាមមណ្ឌលប្រឡងនីមួយៗដោយឥតគិតថ្លៃ និងរៀបចំក្រុមគ្រូពេទ្យប្រចាំការ
ហើយក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធធ្វើឱ្យការរៀបចំការប្រឡងបាក់ឌុបកាន់តែរលូន
និងល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមអភិបាលខេត្ត
បានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវប្រមូលស្មារតី
និងចំណេះដឹងដែលបានខិតខំសិក្សាពេញមួយឆ្នាំកន្លងមកដើម្បីយកមកបញ្ចេញនៅថ្ងៃប្រឡងរយៈពេល២ថ្ងៃនេះដើម្បីទទួលបានលទ្ធផលល្អ
ហើយក៏រំពឹងថា ដំណើរការប្រឡងបាក់ឌុបនៅក្នុងខេត្តបាត់ដំបងនឹងប្រព្រឹត្តទៅដោយរលូន
និងមានអ្នកជាប់កើនឡើងច្រើនជាងឆ្នាំមុន។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នៅខេត្តបាត់ដំបងមានមណ្ឌលប្រឡងសរុបចំនួន ១៤មណ្ឌល ចែកចេញជា ៣៨០បន្ទប់ មានបេក្ខជនសរុបជាង ៩០០០ នាក់ ហើយការប្រឡងធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា «អ្នកចេះគឺជាប់» ដោយឈរលើគោលការណ៍៤សំខាន់ គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន៕





