ប៉ៃលិន ៖ ព្រឹកថ្ងៃទី១០ ខែសីហា
ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន
បានអញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)
ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន
ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន
ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗសិស្សានុសិស្សទាំងអស់
ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព
ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ
ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង
ហើយការប្រឡងឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់
រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោល «អ្នកចេះគឺជាប់»។
លោកជំទាវបណ្ឌិតបណ្ឌិតអភិបាលខេត្ត ក៍បានបង្ហាញហឹបវិញ្ញាសារ
ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ
នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់
យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់
ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល ០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព
ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី
នឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត់។
សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក៍មិនខុសពីឆ្នាំមុនៗនោះដែរ
គឺឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តប៉ៃលិន
និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត
និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន
បានបន្តផ្ដល់ជូនសម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងខេត្ត
សម្រាប់កន្លែងស្នាក់នៅ និងអាហារ ៣ពេល មធ្យោបាយធ្វើដំណើរទៅកាន់មណ្ឌលប្រឡង
ព្រមទាំងការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំ
ហើយចំពោះបេក្ខជនដែលទទួលបាននិទ្ទេសល្អ ឯកឧត្តម និងលោកជំទាវ
នឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងផ្តល់អាហាររូបករណ៍ជូនសិស្សានុសិស្ស
ដែលមានជីវភាពខ្វះខាត មានបំណងបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាផងដែរ។
បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦នេះ គឺប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ហើយចំពោះខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៦៦២នាក់ ស្រី ៣៨៦នាក់ ស្វៃរិន ៤៣នាក់ មាន ២៧បន្ទប់ ដោយចែកចេញជា ២មណ្ឌល ក្នុងនោះមណ្ឌលផ្នែកវិទ្យាសាស្ត្រ មាន ៥បន្ទប់ ចំនួន ១២១នាក់ ស្រី ៦៤នាក់ និងមណ្ឌលផ្នែកវិទ្យាសាសស្ត្រសង្គម មាន ២២បន្ទប់ ចំនួន ៥៤១នាក់ ស្រី ៣២២នាក់ ៕







