ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៧ភូមិ ២សង្កាត់ ក្នុងក្រុងសិរីសោភ័ណ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៧ភូមិ ២សង្កាត់ ក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិកោះពងសត្វ ភូមិតាសុខ ភូមិព្រះអង្គ ភូមិស្នាយសង្គត់ ភូមិអង្គាបុស្ប សង្កាត់កោះពងសត្វ ដោយឡែកសង្កាត់កំពង់ស្វាយ មាន២ភូមិ ភូមិខ្លាកូនចាស់ និងភូមិភ្នំកន្ទួត ប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅវត្តអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បញ្ជាក់ថា ជាលទ្ធផលចុះបញ្ជីដីធ្លីគិតត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ចប់ការវាស់វែងសរុបបានចំនួន ៧៥៥,០៧៩ ក្បាលដី ចេញបណ្ណរួចចំនួន ៣៤៥,២៦១ ក្បាលដី ក្នុង ៣៣៣ភូមិ កំពុងដំណើរការចុះបញ្ជី ចំនួន៣៣៩ភូមិ ក្នុងនោះ ៖ ១៣២ភូមិ ស្មើនឹង ១៣៤,២៩៥ក្បាលដី បានបិទផ្សាយចប់ (កំពុងចែកបណ្ណចំនួន ៦ ភូមិ) ៣៤ភូមិ ស្មើនឹង ៤៤,៥៤៩ក្បាលដី កំពុងបិទផ្សាយ១៥១ភូមិ ស្មើនឹង ២០០,៨១៩ ក្បាលដី ត្រៀមបញ្ចប់ការបិទផ្សាយយ៉ាងយូរត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ដោយឡែក ក្រុងសិរីសោភ័ណ មានក្បាលដីសរុបចំនួន ៦១,៤៩៥ ក្បាលដី និងចេញបណ្ណបាន ចំនួន ៤៥,៦០៥ ក្បាលដី និងត្រៀមចេញបណ្ណ ចំនួន០៧ភូមិ ក្នុងសង្កាត់ម្កាក់ និងសង្កាត់កំពង់ស្វាយ នៅខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។

លោកបន្តថា ចំពោះភូមិដែលត្រូវផ្តល់បណ្ណ ចំនួន៧ភូមិ មានចំនួន ៥,៣០៤ បណ្ណ ដោយក្នុងនោះក្បាលដីចំនួន ៣០៧ ក្បាលដី មិនអាចចេញបណ្ណកម្មសិទ្ធិបាន ដោយមូលហេតុម្ចាស់មិនបានមកបំពេញឯកសារវិនិច្ឆ័យចំនួន ១៩៣ ក្បាលដី និងក្បាលដីទំនាស់ចំនួន១១៤ក្បាលដី។

មានប្រសាសន៍ សំណេះសំណាលជាមួយបងប្អូនជាម្ចាស់ដីដែលនឹងទទួលបណ្ណ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអរគុណទៅដល់អាជ្ញាធរ ក៏ដូចជាអ្នកពាក់ព័ន្ធ ដែលបានជួយសម្របសម្រួល ជាមួយនឹងក្រុមការងារចុះវាស់វែង រហូតសម្រេចបាន ការចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្ដមបញ្ជាក់ផងដែរថា ការទទួលបានប័ណ្ណកម្មសិទ្ធិ សូមបងប្អូនរក្សាទុកឱ្យបានល្អ យកទៅប្រើប្រាស់បានត្រឹមត្រូវ ចៀសវាងការបាត់បង់ ឬខូចខាតដោយប្រការណាមួយ។

ឯកឧត្ដមក៏បានបញ្ជាក់ ថា ប័ណ្ណកម្មសិទ្ធិដីធ្លី មានសារៈសំខាន់ណាស់ ហើយរាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានរៀបចំយុទ្ធនាការនៃចុះវាស់វែងជូនបងប្អូនប្រជាពលរដ្ឋ គឺដើម្បីកាត់បន្ថយជម្លោះព្រំដី ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ ដោយមានបញ្ជាក់អំពីទិន្នន័យ និងឈ្មោះម្ចាស់ដី ដែលមិនមានបុគ្គលណាក្លែងបន្លំបានឡើយ។


សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល ៕














Post a Comment (0)
Previous Post Next Post