បាត់ដំបង ៖ នៅថ្ងៃទី១២ ខែសីហា
ឆ្នាំ២០២៦នេះ មន្ត្រីជំនាញដែលមានលោក សល់ សុទត្ត អនុប្រធានមន្ទីរ
ទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ តំណាងអោយ ឯកឧត្តម ព្រួញ រិទ្ធថា
ទីប្រឹក្សាឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ
សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
បន្តចុះផ្សព្វផ្សាយអប់រំណែនាំ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋ។
យុទ្ធនាការខាងលើនេះធ្វើឡើងនៅត្រង់ចំណុចភ្លើងស្តុប១៣មករា
ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
និងបានណែនាំទៅកាន់ប្រជាពលរដ្ឋសរុបចំនួន ១២៦នាក់ ក្នុងនោះស្រី ៧៧នាក់
ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ
ក៏ដូចជាកែប្រែឥរិយាបថអ្នកប្រើប្រាស់ផ្លូវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។
ក្រៅពីធ្វើការអប់រំណែនាំជាក់ស្តែងនៅលើដងផ្លូវ
ក្នុងនោះមន្ត្រីជំនាញក៏បានចែកជូនសម្ភារៈចរាចរណ៍មួយចំនួនរួមមាន ! ,សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ,ស្ទីកឃ័រចំណាំងផ្លាតM3
, សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ,ខិត្តប័ណ្ណសុវត្ថិភាពក្នុងការបើកបរយានយន្ត ,ខិត្តប័ណ្ណសីលធម៌ក្នុងការបើកបរ
១០ចំណុច និងឯកសារជំនួយស្មារតី
ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ
ផងដែរ ៕
ដោយ ៖ សាលី






