បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញប្រគល់ផ្ទះថ្មី២ខ្នង
និងបង្គន់អនាម័យ២ឈុត ជូនដល់គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅភូមិចាន់គិរី
និងភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។
ពិធីនេះប្រព្រឹត្តនៅរសៀលថ្ងៃទី១៣
ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមអមដំណើរ ដោយក្រុមការងារប្រតិបត្តិ
សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាក្រហមស្រុកម៉ាឡៃ អ្នកស្ម័គ្រ ភូមិ
យុវជនកាកបាទក្រហមកម្ពុជាស្រុក បានចូលរួមផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី
ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត
តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច។
ឯកឧត្ដម បន្តថា កាកបាទក្រហមកម្ពុជា
និងរាជរដ្ឋាភិបាល មិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង
និងមិនបានជួយសង្គ្រោះនោះឡើយ។ "ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" កាកបាទក្រហមតែងតែនៅក្បែរ និងចុះជួយបងប្អូនទាន់ពេលវេលា
ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ ឯកឧត្ដម ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ
ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រូវហូបស្អាត ផឹកស្អាត (ផឹកទឹកឆ្អិន ឬទឹកស្អាត)
និងរស់នៅស្អាត ដើម្បីការពារជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺរាករូស ជាពិសេសជំងឺគ្រុនឈាម
ដោយចូលរួមលុបចំបំបាត់ជម្រកមូសខ្លា ដែលភ្នាក់ងារចម្លងជំងឺគ្រុនឈាម មិនថាក្មេង
ឬចាស់ឡើយ ។
សូមបញ្ជាក់ថា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរួមសហការជាមួយអនុសាខាកក្រកស្រុកម៉ាឡៃ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំនិងបានចុះប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ លៀប សាលីន ភេទស្រី អាយុ៣១ឆ្នាំ មានបន្ទុកគ្រួសារចំនួន៦ នាក់(ស្រី៤នាក់) និងអ្នកស្រី ឡាយ សុភាព អាយុ៥១ឆ្នាំ មានបន្ទុកគ្រួសារចំនួន១០នាក់(ស្រី៦នាក់) ជាលទ្ធផលគ្រួសារទាំង២ រស់នៅក្នុងសភាពក្រីក្រ និងគ្មានលទ្ធភាពសាងសង់ផ្ទះបាន ទើបសាខាកាកបាទក្រហមសម្រេចសាងសង់ផ្ទះជូនពួកគាត់បានរស់នៅសមរម្យ ព្រមទាំងបានឧបត្ថម្ភនូវសម្ភារៈបន្ថែមក្នុង មួយគ្រួសារ ទទួលបាន ៖ អង្ករ ៥០គីឡូក្រាម , មី , ត្រីខ , គ្រឿង ឧបភោគ បរិភោគ សម្ភារៈ ប្រើប្រាស់ រួមនឹងថវិកាមួយចំនួន។ ព្រមជាមួយគ្នានោះចាស់ជរា និងស្រ្តីមានផ្ទៃពោះដែលបានចូលរួម ក៏ទទួលបានសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ៕











