ចូលខារ៉ាអូខេ ផ្លាទីនឹម ខេត្តសៀមរាប ផ្ទុះអាវុធត្រូវកម្លាំងនគរបាលខេត្តឃាត់ខ្លួនជាមួយនិងអាវុធមួយដើម
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ចូលខារ៉ាអូខេ ផ្លាទីនឹម ខេត្តសៀមរាប ផ្ទុះអាវុធត្រូវកម្លាំងនគរបាលខេត្តឃាត់ខ្លួនជាមួយនិងអាវុធមួយដើម

សៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់អាវុធបាញ់ក្នុងហាងខាងរ៉ាអូខេនៃមណ្ឌលកម្សាន្ត ផ្លាទីនឹម KTV ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

 

ការឃាត់ខ្លួននេះអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

 

តាមសមត្ថកិច្ចការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង០២:០០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ខារ៉ាអូខេ នៃមណ្ឌលកម្សាន្ត ផ្លាទីនឹម KTV ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ភ្លាមៗកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប សហការជាមួយ កំលាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា បានចេញអន្តរាគមន៍ ដោយមានកិច្ចសហការ ជាមួយបុគ្គលិកសន្តិសុខ និងអ្នកគ្រប់គ្រងមណ្ឌលកម្សាន្ត ផ្លាទីនឹម KTV យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ និងដកហូតបានវត្ថុតាង មានដូចជា៖ អាវុធខ្លីចំនួន ០១ដើម ម៉ាក PRAHA លេខ Z516620, បង់អាវុធចំនួន ០១ និងគ្រាប់ចំនួន ៤២គ្រាប់ (ក្នុងបង់ ៣គ្រាប់), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, នាឡិកាដៃចំនួន ០១, ទូរសព្ទដៃចំនួន ០២គ្រឿង, ប្រាក់រៀលចំនួន ១៥,៤០០រៀល, ថ្នាំគ្រាប់ពណ៌ខៀវចំនួន ០២គ្រាប់, បារីចំនួន ០១កញ្ចប់, ដែកកេះចំនួន ០១, ទឹកអប់ចំនួន ០១ដប និងប៊ិចចំនួន ០១ដើម ហើយបាននាំយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

 

តានដំណើររឿង៖ នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យបានចូលទៅបន្ទប់ «ស្វាយលើ» នៃមណ្ឌលកម្សាន្ត ផ្លាទីនឹម KTV ដោយកុម្ម៉ង់ស្រាបៀរផឹក និងបានហៅបុគ្គលិកមណ្ឌលកម្សាន្តនេះចំនួន ០៥នាក់ មកផឹកកំដរ។លុះដល់ វេលាម៉ោង២៤:៥០ នាទី រំលងអធ្រាត្រ ដោយសារស្រវឹងជោគជាំ ជនសង្ស័យ បានដកអាវុធខ្លី ភ្ជង់បុគ្គលិក ឱ្យដកទូរសព្ទដៃ និងវិទ្យុទាក់ទង បោះទៅលើឥដ្ឋការ៉ូឱ្យឆ្ងាយអស់ពីខ្លួន ហើយអង្គុយចុះ ដោយគំរាមថា៖ «បើមាននរណាម្នាក់ផ្តល់ព័ត៌មានទៅខាងក្រៅ ឬមានអ្នកផ្សេងមកបើកទ្វារបន្ទប់ នោះជនសង្ស័យនឹងបាញ់សម្លាប់ចោលតែម្តង»។លុះដល់វេលាម៉ោង ១:០០ នាទី ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យ បានយកអាវុធខ្លី បាញ់ឡើងលើចំនួន ០៣ គ្រាប់ តែមិនបណ្តាល អោយមានអ្នករងរបួសឡើយ ។បន្ទាប់មក ជនសង្ស័យ ក៏អង្គុយលើសាឡុង ដៃស្តាំកាន់អាវុធ ចំណែកដៃឆ្វេងទាញយកគ្រាប់ ពីហោប៉ៅ ក្នុងគោលបំណងបញ្ចូលគ្រាប់បន្ថែម ដោយគំរាមអ្នកអង្គុយកំដរថា៖ «ពួកឯងមានគ្នា ០៥នាក់ អញបាញ់អស់ ០៣គ្រាប់ ត្រូវការចែកគ្រាប់ទៀត»។ តែខណៈជនសង្ស័យ ប្រើដៃទាំងពីរ ដើម្បីចាប់យកគ្រាប់កាំភ្លើង មកបញ្ចូលគ្រាប់ក្នុងបង់ ដោយទុកអាវុធលើតុ ជនរងគ្រោះម្នាក់ ក្នុងចំណោម០៥នាក់ បានស្ទុះទៅប្រតាយប្រតប់ ហើយនាំគ្នារត់ចេញពីបន្ទប់ កម្លាំងនគរបាលយើង ក៏បាន ឆ្មក់ចូល ទៅចាប់ឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗតែម្តង ។

 

នៅចំពោះមុខនគរបាលជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានឈ្មោះ ព្រំម ពិសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរទិញលក់រថយន្ត ស្រុកកំណើតសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៤៦A ផ្លូវលេខ ២៧៨ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ (ប្រវត្តិទោសធ្លាប់ជាប់ពន្ធនាគារនៅខេត្តកណ្តាល រយៈពេល ០៣ឆ្នាំ និង ០៦ខែ ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១០)។ ជនសង្ស័យបានសារភាពបន្តថា រូបខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន មូលហេតុស្រវឹងជោគជាំ គ្រប់គ្រងខ្លួនឯងមិនបាន។ ចំណែកអាវុធរបស់ខ្លួន ពុំបានចុះបញ្ជី និងពុំមានប័ណ្ណសម្គាល់ឡើយ រីឯគ្រាប់កាំភ្លើងវិញ រូបខ្លួនបានទិញនៅហាងមួយកន្លែងនៅខាងលិចផ្សារថ្មី រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣កន្លងទៅ។

 

យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប ៕









Post a Comment (0)
Previous Post Next Post