បាត់ដំបង ៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះសហការជាមួយមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ង៉ែត អ៊ុំ ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ តំណាងអោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បន្តចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅក្មុង មូលដ្ឋានក្រុងបាត់ដំបង ។
យុទ្ធនាការខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភ្លើងស្តុបព្រះមុន្នីវង្ស ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំ អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទ បានចំនួន ៣៥៦នាក់ និងបានបិទស្ទីគ័រចំណាំងផ្លាតលើមធ្យោបាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះ មន្ត្រីជំនាញក៏បានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋដោយលើកឡើងថា ការចុះអនុវត្តយុទ្ធនាការខាងលើនេះធ្វើឡើងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ ក៏ដូចជាកែប្រែឥរិយាបថអ្នក ប្រើប្រាស់ផ្លូវអោយចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក៕
ដោយ ៖ សាលី






