បណ្ណកម្មសិទ្ធិចំនួន ២ ២៤៧ បណ្ណ ត្រូវចែកជូនប្រជាពលរដ្ឋ ចំនួន ០២ភូមិ ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បណ្ណកម្មសិទ្ធិចំនួន ២ ២៤៧ បណ្ណ ត្រូវចែកជូនប្រជាពលរដ្ឋ ចំនួន ០២ភូមិ ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកព្រះនេត្រព្រះ នឹងរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន២២៤៧បណ្ណ នៅក្នុងភូមិខ្វាវ និងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

 

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

 

លោក ហឿន វីរៈ អភិបាល នៃ គណៈអភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលស្រុក បានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រៀបចំដំណើរការលើការវាស់វែង និងការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធបញ្ចប់ទូទាំងស្រុក ចែកបណ្ណកម្មសិទ្ធិ បញ្ចប់ការបិទផ្សាយ និងកំពុងបិទផ្សាយផងដែរ។ លោកអភិបាលស្រុក បន្តថា ការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនម្ចាស់ក្បាលដីនេះ ស្ថិតនៅភូមិខ្វាវ ចំនួន ១.១៤០បណ្ណ និងភូមិត្បែង ចំនួន ១.១០៧បណ្ណ សរុបចំនួន ២.២៤៧បណ្ណ គឺបញ្ចប់ការចែកបណ្ណទាំងស្រុងនៅក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

 

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ពីអត្ថប្រយោជន៍នៃបណ្ណកម្មសិទ្ធិរបស់បងប្អូនជាម្ចាស់ដី គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចជាការធានាភាពស្របច្បាប់ កាត់បន្ថយវិវាទដីធ្លី ងាយស្រួលក្នុងការផ្ទេរសិទ្ធិ(ជាអំណោយក្ដី ជាការលក់ក្តី) រួមទាំងការដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់ពង្រីកមុខរបរជាដើម។

 

ក្នុងនោះឯកឧត្តម អភិបាល ខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភូ មិ ឃុំ ដែលបានបញ្ចប់ការវាស់វែង និងកំពុងវាស់វែង បន្តសហការជាមួយនឹងអាជ្ញាធរ ក៏ដូចជាក្រុមវាលកំណត់ព្រំប្រទលលឱ្យបានច្បាស់។ មួយវិញទៀត ក្នុងករណីដីមានទំនាស់ ឯកឧត្តម ណែនាំឱ្យម្ចាស់ដីទាំងសងខាង ធ្វើការសម្រលសម្រួលដោះស្រាយវិវាទគ្នាឱ្យបានចប់ ដើម្បីមន្ទីរជំនាញចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់បងប្អូនសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តង។

 

សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕












Post a Comment (0)
Previous Post Next Post