បាត់ដំបង៖
នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ,ឯកឧត្តមបណ្ឌិត សាបូ
អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ហ្រ្វាំង ដ្យាត់
ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ)បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចាប់ផ្ដើមការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម
សំណល់រឹងនៅក្រុងបាត់ដំបង និងពិធីប្រគល់សម្ភាៈពាក់ព័ន្ធ នៅសាលាក្រុងបាត់ដំបង ។
លោក
ហ្រ្វាំង ដ្យាត់
បង្ហាញអារម្មណ៍សប្បាយរីករាយដែលបានផ្ដល់រថយន្តដឹកសំណល់ដល់រដ្ឋបាលក្រុងបាត់ដំបង
និងសង្ឃឹមថាការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាមនឹងទទួលបានជោគជ័យធ្វើជាគំរូសម្រាប់ពង្រីកការអនុវត្តនៅតំបន់ផ្សេងទៀត។
ឯកឧត្តម
សុខ លូ បានណែនាំដល់អាជ្ញាធរត្រូវខិតខំពន្យល់ប្រជាពលរដ្ឋពីការទុកដាក់
និងញែកសំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានទៀងទាត់
ដោយឯកឧត្តម បង្ហាញចក្ខុវិស័យរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងស្អាត ឆ្លាតវៃ
បៃតង និងអាចដើរបាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។
បន្ថែមពីនេះ
ឯកឧត្តម ថ្លែងអំណរគុណដល់GIZដែលបានផ្ដល់ជំនួយជារថយន្តដឹកសំរាម
និងសម្ភារៈផ្សេងៗបម្រើឱ្យការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង
ហើយឯកឧត្តមជឿជាក់ថា ការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនឹងសម្រេចបានជោគជ័យ
និងអាចពង្រីកបានទូទាំងក្រុងបាត់ដំបង និងតំបន់ទីប្រជុំជនស្រុកនានានៅពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ បង្ហាញការគាំទ្រការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង ខណៈការទុកដាក់សំរាមជាការងារអាទិភាពមួយដែលរាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកខ្ពស់ ព្រោះការទុកដាក់សំរាមបានត្រឹមត្រូវនឹងជួយលើកកម្ពស់សុខភាព សោភ័ណភាព សេដ្ឋកិច្ច និងបរិស្ថាន ហើយទាំងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋពិតជាចង់ឃើញទីក្រុងបាត់ដំបងជាទីក្រុងស្អាត៕
ដោយ ៖
សាលី













