កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋចំនួន ១៦នាក់ តំណាងឱ្យប្រជាពលរដ្ឋចំនួន៤៨នាក់
ដែលជាអាជីវករតូចតាចលក់ដូរដាក់កញ្ច្រែងលក់ ប៉ប្រក ក្នុងរោងប្រក់តង់នៅចំណុចនាគព័ន្ធ
ក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសម(គិរីរម្យ) នៅព្រឹកថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០២៦បានទទូចសុំឱ្យអាជ្ញាធរផ្តល់កន្លែងលក់ដូរដល់ពួកគាត់ឡើងវិញ
ក្រោយមានការរុះរើពីមន្ត្រីជំនាញបរិស្ថាន។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ អុម សង
បាននិយាយថាប្រជាពលរដ្ឋទាំង៤៨នាក់បានប្រកបរបរលក់ដូរនៅចំណុចនាគព័ន្ធក្នុងតំបន់ឧទ្យានជាតិគីរីរម្យ
មានដូចជាប៉ប្រក ផ្កា ជ័របង្កាត់ភ្លើង
ជាដើមយូរណាស់មកហើយដើម្បីបានថវិកាផ្គត់ផ្គង់ជីវភាព
តែក្រោយមានការជូនដំណឹងរបស់មន្ត្រីជំនាញបរិស្ថានមិនឱ្យលក់ដូរបន្តទៅទៀត ក្រោមហេតុផល
ធ្វើឱ្យប៉ះពាល់សោភ័ណភាព បរិស្ថាន
និងអាចបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមដងផ្លូវជាដើម
បានធ្វើឱ្យបងប្អូនពលរដ្ឋបាត់បង់មុខរបរចិញ្ចឹមជីវិតនិងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកថា ការប្រកាសជូនដំណឹងរបស់មន្ត្រីជំនាញបរិស្ថានខេត្តកំពង់ស្ពឺ
មិនបានកំណត់ទីកន្លែងច្បាស់លាស់ធ្វើឱ្យបងប្អូនជាអ្នកលក់ដូរត្រូវបាត់បង់មុខរបរចិញ្ចឹមជីវិត។ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ជាអ្នកលក់ដូរ
បាននាំគ្នាសុំការអន្តរាគមន៍ពីអាជ្ញាធរខេត្តក៏ដូចមន្ទីរជំនាញផ្តល់ការអនុគ្រោះនិងផ្តល់ទីតាំងឱ្យពួកគាត់បានលក់ដូរឡើងវិញ។
ជុំវិញការស្នើសុំនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ
អភិបាលខេត្តកំពង់ស្ពឺបានណែនាំទៅដល់មន្ត្រីជំនាញ
ពិសេសអាជ្ញាធរស្រុកភ្នំស្រួចឱ្យពិនិត្យនិងស្រាវជ្រាវជាក់ស្តែង
ដើម្បីសម្រួលដល់ពួកគាត់អាចមានលទ្ធភាពលក់ដូរឡើងវិញ។ជាមួយនោះត្រូវធ្វើការហាមឃាត់ចំពោះអ្នកចំណូលថ្មីដែលចូលមកតាំងលក់ថ្មី
និងណែនាំឱ្យការតាំងលក់មានសណ្តាប់ធ្នាប់ របៀបរៀបរយនិងរក្សាបាននូវបរិស្ថាន។
ដោយ ៖ ប៊ុត សារុន





