ខេត្តបន្ទាយមានជ័យ ប្រកាសចូលកាន់តំណែងអភិបាលរងជាស្រ្តី ជាអភិបាលស្រុកភ្នំស្រុក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ខេត្តបន្ទាយមានជ័យ ប្រកាសចូលកាន់តំណែងអភិបាលរងជាស្រ្តី ជាអភិបាលស្រុកភ្នំស្រុក

បន្ទាយមានជ័យ លោកស្រី ចំរើន ដាណេ ត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក។ដែលតំណែងនេះជាការផ្តល់អាទិភាពសម្រាប់ស្រ្តីក្នុងការតែងតាំងក្នុងមុខតំណែងណាមួយ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តីនៅកម្ពុជា។
ពិធីប្រកាសនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមការចូលរួមពីសំណាក់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល និងលោកជំទាវ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៦។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការណែនាំដល់អភិបាលស្រុកថ្មី ជាស្រ្តី ត្រូវខិតខំពង្រឹងប្រសិទ្ធភាពការងារនៅក្នុងអង្គភាពឱ្យបានល្អប្រសើរ ពិសេសត្រូវគោរពតាមឋានានុក្រមការងារ គោរពតាមវិន័យក្រមសីលធម៌ ជាមន្ត្រីបម្រើរាស្ត្រ ដោយចាត់ទុកសុខទុក្ខរាស្ត្រ គឺជាសុខទុករបស់យេីងទាំងអស់គ្នា ដែលយេីងជាថ្នាក់ដឹកនាំត្រូវតែយកចិត្តទុកឱ្យបានជាប់ជាប្រចាំ មួយវិញទៀត ធ្វើយ៉ាងណាការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានលឿនតាមដែលអាចធ្វើទៅបាន មិនត្រូវគិតប្រយោជន៍ខ្លួនឯងជាធំនោះទេ ត្រូវគិផលប្រយោជន៍រួមជាធំ និងត្រូវពង្រឹងនូវសាមគ្គីភាពក្នុងអង្គភាពឱ្យបានល្អប្រសើរ។


ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានក្រេីនរំលឹកអំពីការបំពេញតួនាទី-ភារកិច្ច ដល់អភិបាលស្រុកថ្មី ក៏ដូចជាអភិបាលក្រុង-ស្រុក ត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសកែលំអសេវារដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ដោយរួមគ្នាសម្រេចបាននូវសមិទ្ធផលដែលធានាថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងមូលដ្ឋាន ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងការបន្តកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។


សូមបញ្ជាក់ថា លោកស្រី ចំរើន ដាណេ ឋានន្តរសក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ៣ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ជំនួសលោក ជូ បុត្រ ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ៕













Post a Comment (0)
Previous Post Next Post