កាប់ប្លន់ម៉ូតូបានសម្រេច ៤ម៉ោង ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ២នាក់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

កាប់ប្លន់ម៉ូតូបានសម្រេច ៤ម៉ោង ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ២នាក់

បន្ទាយមានជ័យ ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួនក្រោយធ្វើសកម្មភាព ធាក់-កាប់ប្លន់យកម៉ូតូជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាន៤ម៉ោង ។


លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អៀ គីមឆេ (ស៊ីង) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពី ករណីកាប់ប្លន់ម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខធនាគារABA ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះដែលកំពុងធ្វើដំណើរតាមផ្លូវនិងទាញកំបិតដេញកាប់មកលើជនរងគ្រោះ ហើយយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AF-2358 ហើយជិះគេចខ្លួនបាត់ ។


ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារបស់ក្រុមជនសង្ស័យ រហូតដល់វេលាម៉ោង៩និង៣០នាទី ថ្ងៃដដែល កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកអូរជ្រៅ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ ៖ ១-ឈ្មោះ អ៊ុន គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ ឡៃ ស៊ីឡុង ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយវត្ថុតាងនៃបទល្មើស ម៉ូតូចំនួន០២គ្រឿង ។  

លោកថា ក្រោយស្ដាប់ចម្លើយរបស់ជនសង្ស័យទាំងពីរនាក់ ឃើញថា មានភាពស៊ីសង្វាក់ និងមានតម្រុយពិរុទ្ធភាពនៃបទល្មើសពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ ពិតប្រាកដមែន ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។  

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរួចមក ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕






Post a Comment (0)
Previous Post Next Post