មន្ត្រីជំនាញរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើន នៅទីតាំងលក់ទំនិញយីហោ សុខខេង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មន្ត្រីជំនាញរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើន នៅទីតាំងលក់ទំនិញយីហោ សុខខេង

បាត់ដំបង ៖  ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី0៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក អ៊ិម កុសល ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាត់តាំងលោកវរសេនីយ៍ទោ ចក់ នាង នាយរងការិយាល័យ ដឹកនាំកំលាំងចុះត្រួតពិនិត្យទីតាំងលក់ម្ហូបអាហារ លក់ថ្នាំពេទ្យ លក់គ្រឿងឧបភោគបរិភោគមួយចំនួននៅក្រុងបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យលើទីតាំងឱសថស្ថានចំនួន០២ទីតាំង ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងហើយក្នុងនោះពិនិត្យឃើញថាទីតាំងទាំងពីរនេះមានអាជ្ញារប័ណ្ណត្រឹមត្រូវស្របតាមច្បាប់កំណត់ និងទីតាំងលក់ទំនិញបានចំនួន ០៣ទីតាំងស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយបានរកឃើញទីតាំងមួយដែលមានយីហោ សុខខេង នៅមានតាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន ៖ ទឹកដោះគោកំប៉ុងក្រដាស់ចំរុះម៉ាកចំនួន ៥៦ដុំ, ទឹកដោះគោដបជ័រចំរុះម៉ាកចំនួន០៩យួរ, ទឹកដោះគោឆៅ ចំនួន១២កំប៉ុង, នំកំប៉ុងតូចចំនួន ១២៩ កំប៉ុង, នំ ចំនួន១០ប្រអប់, នំហាណាមិក ចំនួន ២២កំប៉ុង, ចាហ៊ួយកែវកំប៉ុងធំចំនួន ១៤កែវ, ស្ករគ្រាប់ចំនួន ៨០ កញ្ចប់ធំ, សាប៊ូរ ចំនួន០២កាដុង, ទឹកត្រចៀកកាំចំនួន  ៤៣ ដប ។

ក្រោយពីដកហូត ទំនិញហួសកាលបរិច្ឆេទខាងលើត្រូវបានសមត្ថកិច្ចជំនាញដកហូតយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីរងចាំពេលវេលាយកទៅដុតបំផ្លាញចោលនៅពេលខាងមុខ ៕









ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post