បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង
ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ នៅថ្ងៃទី០៨ ខែកក្កដា
ឆ្នាំ២០២៦នេះ បានធ្វើការបញ្ជូនខ្លួនក្រុមជនសង្ស័យជាមុខសញ្ញា ចំនួន០៤នាក់ទៅតុលាការ
បន្ទាប់ពីឃាត់ខ្លួនជាបន្តបន្ទាប់
ក្រោយពួកគេធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះខណះពេលដែលកំពុងជិះនៅតាមផ្លូវម្នាក់ឯង
កាលពីវេលាម៉ោងប្រហែល ០០ និង ៣០ នាទី រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែមិថុនា
ឆ្នាំ២០២៦កន្លងទៅ នៅចំណុចភូមិសាស្រ្ត ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ៖ ១.ឈ្មោះ កែវ ណារ៉ូ ភេទប្រុស អាយុ
១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
ខេត្តបាត់ដំបង, ២.ឈ្មោះ គុន កុម្ភះ ភេទប្រុស អាយុ ១៨
ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី
ខេត្តបាត់ដំបង, ៣.ឈ្មោះ ខ្លុយ រម្យ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ
រស់នៅភូមិអូរតាព័រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ៤.ឈ្មោះ ស៊ឹម ស៊ីង
ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី
ខេត្តបាត់ដំបង ជាមួយនិងវត្ថុតាងដកហូតរួមមាន! ,ម៉ូតូ
ចំនួន០១គ្រឿង ,ទូរស័ព្ទ ចំនួន ០៤គ្រឿង ,កញ្ចក់ម៉ូតូ ចំនួន ១១ ,និងកាំភ្លើងកែច្នៃ
(កាំភ្លើងខ្យល់) ចំនួន ០១ដើម។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយដើម្បីចាត់ការបន្តតាមនីតិវិធី
៕
ដោយ ៖ សាលី

