បាត់ដំបង៖ នៅថ្ងៃពុធ ទី០៨ ខែកក្កដា
ឆ្នាំ២០២៦នេះ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងក្រុមការងារ
បាននាំយកបច្ច័យចំនួន៤០០ដុល្លារ
និងអង្ករចំនួន០១តោនប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង
សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ឯកឧត្តម ព្រួញ រិទ្ធថា បានបញ្ជាក់ថា
បច្ច័យចំនួន ៤០០ដុល្លារ និងអង្ករចំនួន ១តោន ដែលឯកឧត្តមនិងក្រុមការងារ
បាននាំយកប្រគេនដល់ព្រះគ្រូចៅអធិការវត្តនាពេលនេះ
គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ
សិរីកាញ្ចនពង្សធីមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី ស សុខា
និងក្រុមគ្រួសារ ដែលជាការផ្គត់ផ្គង់ប្រចាំខែសម្រាប់ថ្លៃទឹកភ្លើង
និងចង្ហាន់ព្រះសង្ឃសរុបចំនួន ១៤០អង្គ។
ឯកឧត្តមបានបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃនេះ នេះជាខែទី ៦៦ហើយ ដែលឯកឧត្តម និងក្រុមការងារបាននាំយកបច្ច័យ និងអង្ករ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មកប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មីនាពេលនេះ ហើយក៏នៅបន្តប្រគេនបច្ច័យជារៀងរាល់ខែផងដែរ ៕
ដោយ ៖ សាលី


