កំពង់ស្ពឺ ៖ លោកកិត្តិសង្គហបណ្ឌិត គន់
គីម ទេសរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានលើកឡើងថា
អាគារស្នាក់ការសមាគមនិងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល ផ្តល់សេវា
និងដោះស្រាយរាល់បញ្ហាប្រឈមនានាជូនអតីតយុទ្ធជននិងនិវត្តជនទាន់ពេលវេលា
មិនតែប៉ុណ្ណោះក៏ជាមជ្ឈមណ្ឌលស្នូលក្នុងការបម្រើ
និងលើកកម្ពស់សុខុមាលភាពរបស់បងប្អូនអតីតយុទ្ធជនផងដែរ។ការលើកឡើងបែបនេះ
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន
និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាំងទន្លេ
សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពងលស្ពឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា
អគារទីស្នាក់ការសមាគមអតីតយុទ្ធជន
និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺដែលរៀបចំបញ្ចុះបឋមសិលាសាងសង់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១
សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ដឹកនាំកសាងដោយលោក នូ ស៊ីថា។ទីស្នាក់ការសមាគមនិងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងជួយសម្របសម្រួលនិងផ្តល់សេវា
ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមនានាដែលជាប្រយោជន៍របស់អតីតយុទ្ធជន
និងនិវត្តជនឱ្យបានទាន់ពេលវេលា។មួយវិញទៀតទីស្នាក់ការសមាគម
អ.ន.ក.ខេត្តនេះដែរក៏ជាកន្លែងប្រមូលផ្តុំរបស់មន្រ្តី ដើម្បីអនុវត្តនិងផ្តល់សេវាលើតម្រូវការ
ព្រមទាំងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបនាពេលខាងមុខទៀតផង។
ក្នុងឱកាសនោះដែរ លោកកិត្តិសង្គហបណ្ឌិត គន់ គីម
ក៏បានធ្វើការណែនាំទៅដល់សមាជិក
សមាជិការទាំងអស់នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្ត ត្រូវបង្កើនការពិនិត្យ
តាមដានស្ថានភាពជាក់ស្តែងរបស់សមាជិកនីមួយៗ
ដើម្បីលើកជាសំណើរនិងសំណូមពរដល់ថ្នាក់ដឹកនាំ។ជាងនេះត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំចំពោះអតីតយុទ្ធជននិងនិវត្តជនដែលកំពុងជួបការលំបាក
មានជីវភាពទីទ័លក្រ គ្មានផ្ទះសម្បែងជាក់ស្តែង
ដើម្បីស្នើដល់ថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល អ.ន.ក.ពិនិត្យនិងសម្រេចដោះស្រាយ
ធ្វើយ៉ាងណាឱ្យការរស់នៅរបស់បងប្អូនយើងបានល្អប្រសើរគ្រប់ៗគ្នា
សក្តិសមនិងគុណបំណាច់ដែលបានលះបង់ដើម្បីជាតិមាតុភូមិកន្លងមក។
ដោយ ៖ ប៊ុត សារុន







