បាត់ដំបង
៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សម្តេចក្រឡាហោម ស ខេង
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ
ញ៉ែម សាខន សខេង ព្រមទាំងមន្ត្រីរាជការទាំងអស់ក្នុងខេត្តបាត់ដំបង
បានប្រារព្ធពិធីប្រគេនទៀនចំណាំព្រះវស្សាចំនួន៣៩គូរ រួមជាមួយទេយ្យទាន ទេយ្យវត្ថុ
និងបច្ច័យមួយចំនួនទៀតដល់វត្តចំនួន៣៩ ក្នុងក្រុង ស្រុកទាំង១៤ នៃខេត្តបាត់ដំបង
ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានបិតា ជីដូន ជីតា
និងញាតិទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខ
និងបានសោយសុខក្នុងឋានបរមសុខ ។
សូមបញ្ជាក់ថា
ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សាចូលមកដល់ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរ
ជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែបាននាំយកទៀនចំណាំព្រះវស្សា រួមជាមួយទេយ្យវត្ថុ ទេយ្យទាន បច្ច័យ
ស្បៀងអាហារមានអង្ករ និងគ្រឿងឧបភោគ បរិភោគ យកទៅប្រគេនដល់ព្រះសង្ឃ
ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងទីអារាមវត្តនានា
ដើម្បីទំនុកបម្រុងជាចង្ហាន់សម្រាប់ព្រះសង្ឃ ដែលកំពុងខិតខំសិក្សារៀនសូត្រ
ទាំងពុទ្ធចក្រ និងអាណាចក្រ ដោយសារតែនៅក្នុងរដូវវស្សានេះជារដូវមានភ្លៀងធ្លាក់ជោគជាំ
ធ្វើឱ្យព្រះសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្របាន
ក្រៅអំពីការនៅក្នុងវត្តរៀនសូត្រតែប៉ុណ្ណោះ ។
ពិធីបុណ្យចូលព្រះវស្សាតាមទំនៀមទម្លាប់ប្រពៃណី
បានធ្វើឡើងក្នុងរយៈពេល៣ខែ ដោយចាប់ពីថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃចន្ទ
១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា
ឆ្នាំ២០២៦ ជាថ្ងៃចេញព្រះវស្សា ហើយពាក់ព័ន្ធនឹងពិធីប្រគេនទៀនចំណាំព្រះវស្សា
រួមជាមួយអង្ករ និងទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យនាពេលនេះ
គឺជាការបង្ហាញឧ្យឃើញពីការយកចិត្តទុកដាក់ពីសម្តេចក្រឡាហោម ស ខេង
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ
ញ៉ែម សាខន សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីរាជការទាំងអស់
ក្នុងខេត្តបាត់ដំបង ក្នុងការចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ
ជាពិសេសពិធីបុណ្យចូលព្រះវស្សា
ដែលខ្មែរយើងធ្លាប់បានធ្វើតាំងពីបុរមបុរាណកាលមកមិនដែលអាក់ខានឡើយ
លើកលែងតែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ច្បាស់ គឺរបបប៉ុលពត ៣ឆ្នាំ ៨ខែ
និង២០ថ្ងៃ ដែលពួកគេបានបំបិទសិទ្ធិគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ
រាប់ទាំងពិធីបុណ្យសាសនា ពិសេសពិធីបុណ្យចូលព្រះវស្សានេះមិនឱ្យមាននោះឡើយ ។
បច្ចុប្បន្ន រាល់សិទ្ធិសេរីភាព និងជំនឿសាសនា ដែលមាននៅក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានបើកទូលាយឱ្យមានការគោរពពេញលេញ ទៅតាមជំនឿរៀងខ្លួន មិនមានការហាមឃាត់ឡើយ ព្រមទាំងបានខិតខំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យមោទនភាព ៕
ដោយ ៖
សាលី








