បាត់ដំបង ៖
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់
នៃខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រមូលផ្ដុំគ្នាផ្ទុះកាតវ៉ាបិទផ្លូវជាថ្មី
មិនអោយក្រុមរថយន្តដឹកដីថ្មបើកឆ្លងកាត់ ក្រោយពួកគាត់រងគ្រោះព្រោះដីហុយ
ធ្វើអោយប៉ះពាល់សុខភាពផ្លូវដង្ហើម។
ក្រុមប្រជាពលរដ្ឋបានលើកឡើងដូចៗគ្នាថា
ជារៀងរាល់ថ្ងៃមានក្រុមហ៊ុនជាច្រើនបានធ្វើអាជីវកម្មជីកកកាយដី ថ្មភ្នំ នៅក្នុងភូមិសាស្ត្រ
ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
និងមានរថយន្តតូចធំរាប់សិបគ្រឿងដឹកជញ្ជូនឆ្លងកាត់ផ្លូវខាងលើ ខ្លះបើកបរក្នុងល្បឿនលឿន
ដឹកខ្ពស់ជាងទ្រុងមិនគ្រប ធ្វើអោយជ្រុះដីថ្មហុយលើប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ
ពិសេសពួកគាត់ដែលរស់នៅអមសងខាងផ្លូវ ប៉ះពាល់សុខភាពផ្លូវដង្ហើម
ដោយកូនពួកគាត់ខ្លះកើតជំងឺរបេង និងសួតផងដែរ។
ប្រជាពលរដ្ឋដដែលបានបញ្ជាក់ទៀតថា រយៈពេលកន្លងមក
ក៏មានការតវ៉ាបិទផ្លូវដូចគ្នានេះដែរ
ដោយមានការសម្របសម្រួលអន្តរាគមន៍ពីមន្ត្រីជំនាញនិង
អាជ្ញាធរមូលដ្ឋានដោយណែនាំតម្រូវអោយខាងក្រុមហ៊ុនដឹកមានការគ្របនិងបាញ់ទឹកជាប្រចាំតាមការ
សំណូមពររបស់ប្រជាពលរដ្ឋ ក្នុងមួយថ្ងៃអោយបាន០៦ដងទៅ០៧ដង
ប៉ុន្តែមួយរយៈចុងក្រោយនេះខាងអ្នកបើកបរនិងម្ចាស់ក្រុមហ៊ុនទាំងនោះមិនអនុវត្តតាមការណែនាំខាងលើ
ហើយបន្តដឹកមិនគ្រប ធ្វើអោយដី ថ្ម ជ្រុះពេញផ្លូវ និងមិនបាញ់ទឹក
ធ្វើអោយហុយពិបាករស់នៅពិសេសប៉ះពាល់សុខភាពផ្លូវដង្ហើមកូនចៅរបស់ពួកគាត់
ទើបពួកគាត់សម្រេចនាំគ្នាមកបិទផ្លូវជាថ្មីតែម្តង។
នៅក្នុងហេតុការណ៍ប្រជាពលរដ្ឋផ្ទុះការបិទផ្លូវខាងលើនេះដែរ
ក្រោយទទួលបានព័ត៌មាន ភ្លាមនោះក្រុមការងារនៃមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង
ដែលមានលោក លឹម ប៊ុនលី ជាប្រធាន និងក្រុមការងាររដ្ឋបាលស្រុកបាណន់ ដែលមានលោក ងួន
វិបុល ជាអភិបាលរងស្រុក បានចុះទៅពិនិត្យ និងអន្តរាគមន៍
ដោយណែនាំតម្រូវអោយក្រុមអ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មខាងលើ
ត្រូវតែអនុវត្តតាមការស្នើសុំរបស់ប្រជាពលរដ្ឋ បើកបរក្នុងល្បឿនយឺត
ដឹកស្មើទ្រុងនិងគ្រប ពិសេសបាញ់ទឹកជាប្រចាំក្នុងមួយថ្ងៃ០៧ដង ក្នុងនោះក៏មានការឯកភាពគ្នាពីខាងក្រុមអ្នកបើកបរ
និងម្ចាស់ក្រុមហ៊ុនអាជីវកម្មខាងលើផងដែរ ៕
ដោយ ៖ សាលី






