បាត់ដំបង ៖ នៅថ្ងៃទី២១ ខែកក្កដា
ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ចំនួន២៦៦១បណ្ណ ជូនប្រជាពលរដ្ឋ១០០៦គ្រួសារ មកពីភូមិអង្គ្រង និងភូមិដូនទ្រី ឃុំជ្រៃ
ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ
បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណឱ្យបានល្អ
និងមិនត្រូវលក់ដីនោះទេគួររក្សាទុកចែកតកូនតចៅ ហើយសម្រាប់គ្រួសារក្រីក្រ
និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី
ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រការ៉េ៤រៀលសម្រាប់ដីកសិកម្ម
និង១ម៉ែត្រការ៉េ៣០រៀលសម្រាប់ដីសាងសង់។
ជាមួយគ្នានេះ ឯកឧត្តម លើកទឹកចិត្តដល់មន្រ្តីរាជការ
និងប្រជាពលរដ្ឋឱ្យបង្កើនការដាំដើមឈើនៅតាមទីប្រជុំជន ដងផ្លូវ និងតាមផ្ទះដើម្បីបង្កើតភាពបៃតងស្ដារបរិស្ថានកាត់បន្ថយការកើនឡើងកម្ដៅ
និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ដោយសារ
ឆ្នាំនេះមានកើតឡើងនូវបាតុភូតអែលនីញ៉ូបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង
និងខ្សត់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេសហើយសម្រាប់ខេត្តបាត់ដំបងក៏បានជួបនូវបញ្ហាខ្វះទឹក
និងខ្សត់ទឹកភ្លៀងផងដែរ
និងសូមការយោគយល់ពីប្រជាកសិករជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវព្រោះការបើកផ្ដល់ទឹកមានកម្រិតដោយត្រូវរក្សាទុកទឹកមួយផ្នែកសម្រាប់ត្រៀមបង្ការការខ្វះទឹកនៅពេលខាងមុខ
៕
ដោយ ៖ សាលី









