បន្ទាយមានជ័យ ៖ លោក ហ៊ឹល រ៉ាយ៉ា
អនុប្រធានកិត្តិយសតំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ
បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី អនាម័យស្អាត និងបរិស្ថាន
នៅក្នុងមណ្ឌលខេត្តបន្ទាយមានជ័យ នៃភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ជូនដល់អ្នកស្ម័គ្រចិត្តមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤
ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងរួមចំណែក
និងលើកកម្ពស់អនាម័យទឹកស្អាត និងបរិស្ថានស្អាត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ
នៅភូមិរង់ចាំទទួលបាននូវសុខភាពល្អ គ្មានជំងឺតម្កាត់ផ្សេងៗ។
វគ្គបណ្តុះបណ្តាលនេះ មានការឧបត្ថម្ភដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម
អាយ.ស៊ី.អ៊.ស៊ី ដែលតែងតែជួយឧបត្ថម្ភ
ដល់បងប្អូនប្រជាពលរដ្ឋពិសេសនៅក្នុងខេត្តបន្ទាយមានជ័យជាច្រើនលើករួចមកហើយ ។
លោក ហ៊ឹល រ៉ាយ៉ា បានមានប្រសាសន៍ថា
វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា
ដើម្បីក្លាយជាអ្នកដែលមានសមត្ថភាព
យកចំណេះដឹងទៅផ្សព្វផ្សាយអប់រំបន្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរង់ចាំ ។ លោកសង្ឃឹមថា
សិក្ខាកាមមានវត្តមាននៅទីនេះ នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងចូលរួមគ្រប់សកម្មភាពជាមួយគ្រូឧទ្ទេស
ដើម្បីទទួលបាននូវចំណេះដឹង និងយកនូវចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់សហគមន៍។ លោកក៏បានថ្លែងអំណរគុណ
ដល់ក្រុមការងារកាកបាទក្រហមកម្ពុជាគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម អាយ.ស៊ី.អ៊.ស៊ី
អ្នកសម្របសម្រួលក្រុមប្រតិបត្តិការពិសេសក្រុមការងារខេត្តដែលប្រចាំការនៅមណ្ឌលខេត្តបន្ទាយមានជ័យ
ដែលបានសហការរៀបចំផ្តល់ទីកន្លែង រៀបចំកម្មវិធី និងសូមទទួលបាននូវសុខសុវត្ថិភាព សំណាងល្អ
សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យវគ្គបណ្ដុះបណ្ដាល ស្ដីពី អនាម័យទឹកស្អាតនិងបរិស្ថាននៅក្នុងមណ្ឌលភូមិរង់ចាំ
សម្រាប់អ្នកស្ម័គ្រចិត្តសូមទទួលបានជោគជ័យ ៕











