បាត់ដំបង ៖
យោងតាមព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា
ចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា
ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប្រ៊ីស
លក្ខណៈបែបនេះបានបង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ
បណ្តាលឲ្យមានទឹកជំនន់ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង
ធ្វើឲ្យបរិមាណទឹកក្នុងអាងមានការកើនឡើងលើសកម្រិតអតិបរមា។
ដោយមើលឃើញដូច្នោះ
ហើយដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម
ក៏ដូចជាបន្ធូរបរិមាណទឹកដែលពេញអាង មន្ទីរធន់ធានទឹក
និងឧតុនិយមខេត្តនឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង (សេកសក) បង្ហូរចូលស្ទឹងសង្កែ
បណ្តាលឲ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង
សង្កែមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ
ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតជាដើម។
ជាមួយគ្នាទៅនឹងជំនន់ទឹកភ្លៀងនេះដែរ គិតត្រឹមវេលាម៉ោង១១ ថ្ងៃត្រង់
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកសំឡូត បានបញ្ជាក់ថា
ស្ថានភាពទឹកនៅតាមអូរតូចៗក្នុងភូមិសាស្ត្រស្រុកសំឡូតបានស្រកចុះច្រើន ធ្វើចរាចរណ៍បាន
និងដងស្ទឹងទាំងពីរបានបន្តស្រកចុះជាបណ្តើរៗ
ប៉ុន្តែចំណុចការដ្ឋានទំនប់ស្ទាក់ទឹកក្បាលស្ទឹងក្រញូងត្រង់ភូមិអូរត្រែង ឃុំតាតោក
នៅតែបន្តភ្លៀងរលឹមមិនទាន់ឈប់នៅឡើយ
ហើយរដ្ឋបាលស្រុកបានណែនាំដល់អង្គភាពពាក់ព័ន្ធនៅតែបន្តការប្រុងប្រយ័ត្ននិងត្រៀមអន្តរាគមន៍ក្នុងករណីចាំបាច់
៕
ដោយ ៖ សាលី





